(ភ្នំពេញ)៖ បញ្ហាសន្តិសុខ បញ្ហាសណ្តាប់សាធារណៈ និងបញ្ហាចរាចរណ៍ ព្រមទាំងកិច្ចអន្តរាគមន៍ផ្សេងៗ ដើម្បីបំរើប្រជាពលរដ្ឋ ក្នុងវិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីបនៅប៉ុន្មានថ្ងៃជាប់ៗគ្នាខាងមុខនេះ កម្លាំងនគរបាលខណ្ឌ៧មករាទាំងអស់ បានត្រៀមរួចជាស្រេច ដោយឈរលើគោលការណ៍ចំណុចខ្ពស់២៤ម៉ោងលើ២៤ម៉ោង។

នេះការជារលើកឡើងរបស់លោក នេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករា នារសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មុនពោលកម្លាំងនគរបាលរបស់លោក ចេញអនុវត្តតាមបណ្តាមុខព្រួញដែល នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំ និងដាក់ទិសដៅ។

លោកវរសេនីយ៍ នេត ស៊ីថុន បានបញ្ជាក់បន្ថែមថា «កម្លាំងត្រូវការពារគោលដៅសំខាន់ៗ មានរហូតដល់ទៅជាង២០០នាក់ ដែលកម្លាំងនេះ ត្រូវបានបែកចែកជា២ក្រុមសំខាន់ៗ គឺនៅខាងមុខ និងនៅជួរក្រោយ។ តាមផ្នែកជំបាញក៏ត្រៀមប្រចាំការដូចគ្នា នាអំឡុងពេលបុណ្យជាច្រើនថ្ងៃខាងមុខនេះ»

កាលពីម្សិលមិញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញជាថ្មីឲ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តឲ្យបានដាក់ខ្ពស់លើកិច្ចការពារ សន្តិសុខ សុវត្ថិភាព និងការងារជួយសង្គ្រោះជូនប្រជាពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោកអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំឲ្យមន្រ្តីគ្រប់ផ្នែកត្រូវយកចិត្តទុកដាក់បំពេញការងាររៀងខ្លួន ឲ្យបានល្អបំផុតដើម្បីឲ្យព្រះរាជពិធីបុណ្យនេះ ប្រព្រឹត្តិទៅប្រកបដោយភាពសប្បាយរីករាយ អធិកអធម និងធានានូវសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ជាងនេះទៅទៀតត្រូវដាក់រថយន្តសង្គ្រោះបន្ទាន់ និងគ្រូពេទ្យជាប់ជាប្រចាំដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ពេលដែលពួកគាត់មានបញ្ហាសុខភាពអ្វីមួយកើតឡើងដូចជាខ្យល់គរជាដើម។

លោក ឃួង ស្រេង ក៏បានណែនាំឲ្យអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធទាំងរៀបចំបង្គន់អនាម័យ ប្រព័ន្ធទឹក ប្រព័ន្ធភ្លើងឲ្យបានសមរម្យការដាក់ពង្រាយធុង ថង់សំរាម និងការណែនាំអប់រំ អាជីវករ ប្រជាពលរដ្ឋអោយបានយល់ និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវទៅតាមការណែនាំរបស់រដ្ឋបាលភ្នំពេញ៕