(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឲ្យកងកម្លាំងសមត្ថកិច្ចរៀបចំថែរក្សាការពារសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋខ្មែរ ឲ្យបានបានសប្បាយរីករាយក្នុងអំឡុងពេល នៃការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែរយៈពេល៣ថ្ងៃ។

ទន្ទឹមការអំពាវនាវដល់កងកម្លាំងសមត្ថកិច្ច រក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋដែលមកលេងកម្សាន្ត ក្នុងព្រះរាជពិធីបុណ្យអុំទូកនេះហើយ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលចូលរួមដើរលេងកម្សាន្តនេះ ប្រសិនបើត្រូវការជំនួយផ្សេងៗត្រូវទាក់ទងមន្រ្តីសន្តិសុខនៅជិតខ្លួន និងមន្រ្តីសង្រ្គាះបន្ទាន់ដែលបោះតង់ប្រចាំការ នៅតាមទីកន្លែងនីមួយៗ។

សម្តេចតេជោ ហ៊ុន សែន តាមរយៈទំព័រ Facebook នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក៏បានអំពាវនាវផងដែរ ដល់បងប្អូនប្រជាពលរដ្ឋចូលរួម ថែរក្សាអនាម័យ និងបរិស្ថាន ដោយត្រូវបោះសំរាមចូលក្នុងធុងសំរាមឲ្យបានគ្រប់គ្នា។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានជំរុញអ្នកទេសចរជាតិ និងអន្តរជាតិចូលរួមផ្សព្វផ្សាយ និងសប្បាយរីករាយទាំងអស់គ្នា នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលនឹងចាប់ផ្តើមនៅថ្ងៃស្អែកនេះ៕