(កណ្តាល)៖ គណកម្មការចម្រុះខេត្តកណ្តាលមួយក្រុម ដឹកនាំដោយលោកស្រីប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តកណ្តាល បានចុះពិនិត្យផ្សារស្អាងខាងត្បូង ដែលអ្នកទទួលវិនិយោគ បានកែលំអរផ្សារមួយចំនួន ខណៈផ្សារនេះនៅមានភាពចម្រូងចម្រាស់នៅឡើយ និងបានបន្តទៅពិនិត្យផ្សារស្អាងខាងជើង ត្រង់សំណង់ដំបូលគ្រប់លើផ្លូវបេតុង រួចបានវាយតម្លៃថា អ្នកទទួលវិនិយោគគោរពតាមកិច្ចសន្យា ក្នុងការវិនិយោគបានយ៉ាងល្អ។

ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តកណ្តាល បានប​ន្ថែមថា មានការកែសម្រួលលក្ខណៈបច្ចេកទេសបន្តិចបន្តួច ទៅតាមសំណូមពររបស់បងប្អូនអាជីវករ និងប្រជាពលរដ្ឋ និងបានកោតសរសើរ ដល់អ្នកទទួលវិនិយោគផ្សារទាំងពីរថា គោរពតាមកិច្ចសន្យា និងសៀវភៅបន្ទុក ព្រោះបរិវេណផ្សារស្អាត មិនមានភក់ជ្រាំ និងសំរាមនោះទេ។

ការចុះត្រួតពិនិត្យនេះ អនុវត្តន៍តាមវិធានការណែនាំរបស់លោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល ដោយមានការចូលរួមពី មន្ត្រីនគររូបនីយកម្មនិងសំណង់ មន្ត្រីភូមិបាល និងអាជ្ញាធរស្រុក លោក ជឺ គឹមហៃ អភិបាលរងស្រុកស្អាង និងជាប្រធានគណៈកម្មការផ្សារស្អាងផងដែរ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧។

ផ្សារស្អាងខាងត្បូងត្រូវ បានបណ្តាញសង្គម Facebook ក៏ដូចជា អ្នកសារព័ត៌មាន បានផ្សាយវាយប្រហារថា អ្នកទទួលវិនិយោគ មិនធ្វើការអភិវឌ្ឍន៍ទុក ឲ្យអាជីវករលក់ហាលខ្យល់ហាលភ្លៀង។

ពាក់ព័ន្ធនឹងការលើកឡើងរបស់បណ្តាញសង្គម​ Facebook និងការផ្សព្វផ្សាយព័ត៌មាននេះ លោក ជឺ គឹមហៃ អភិបាលរងស្រុកស្អាង និងជាប្រធានគណៈកម្មការផ្សារស្អាង បានប្រាប់មកភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាល ឲ្យដឹងថា ចំពោះផ្សារស្អាងខាងត្បូង មិនមែនអាជ្ញាធរ មិនយកចិត្តទុកដាក់ ចំពោះបងប្អូនអាជីវករកំពុងលក់ដូរនោះទេ។

លោក ជឺ គឹមហៃ បានបន្ដថា មូលហេតុសំខាន់ក្នុងការយឺតយ៉ាវ ធ្វើការអភិវឌ្ឍន៍ផ្សារស្អាងខាងត្បូងនោះ ដោយសារជាប់មានចម្រូងចម្រាស ពាក់ព័ន្ធនិងបញ្ហាមួយចំនួនដោះស្រាយ អត់ទាន់បាន ជាពិសេសមានផ្ទះប្រជាពលរដ្ឋម្នាក់ នៅក្នុងផ្សារ ជាប់ពាក់ព័ន្ធបណ្តឹងនៅតុលាការ ចំណែកអ្នកវិនិយោគ ក៏បានសំណូមពរមកអាជ្ញាធរ ជួយដោះស្រាយឲ្យបានលឿនដែរ។

លោកបន្ដទៀតថា ឥឡូវនេះ ទាំងអាជ្ញាធរក្តី ទាំងអ្នកវិនិយោគក្តី មិនអាចដោះស្រាយឲ្យទាន់ចិត្តបងប្អូនអាជីវករបាននោះទេ ដោយសារសំណុំរឿងហ្នឹង ទៅដល់ដៃតុលាការហើយ ចំណែកតុលាការ ក៏មិនទាន់ចេញសេចក្តីសម្រេច ឬសាលដីការនោះទេ ដូច្នេះទាំងអ្នកវិនិយោគ និងអាជ្ញាធររង់ចាំតុលាការ លោកសម្រេចបែបណាទើបធ្វើការអភិវឌ្ឍកើត។

គួរបញ្ជាក់ថា រឿងក្តីរវាងប្រជាពលរដ្ឋម្នាក់ នៅក្នុងផ្សារស្អាងខាងត្បូងនេះ គឺបានអូសបន្លាយពី១ឆ្នាំទៅ១ឆ្នាំ តុលាការលោកមិនទាន់មានចំណាត់ការ ធ្វើឲ្យអ្នកវិនិយោគ ជួបការរាំងស្ទះក្នុងការអភិវឌ្ឍផ្សារ បានត្រឹមតែកែលំអរបន្តិចបន្តួចប៉ុណ្ណោះ ដើម្បីសម្រួលកន្លែងលក់ដូរជូនបងប្អូនអាជីវករ ជាបណ្តោះអាសន្ន ចំណែកឯបងប្អូនអាជីវករ កំពុងទន្ទឹងរង់ចាំ នូវចំណាត់ការរបស់តុលាការផងដែរ។

ព្រោះបើតុលាការអូសបន្លាយ ឬបង្កកចំណាត់ការនោះ អ្នកវិនិយោគមិនអាចអភិវឌ្ឍកើត ហើយអ្នកដែលជួបទុក្ខលំបាកនោះ គឺបងប្អូនអាជីវករ រាប់រយតូបស្តង់កំពុងលក់ដូរនេះ ដូច្នេះហើយស្ថាប័នតុលាការគួរ មានចំណាត់ការឲ្យបានលឿនកុំទុកឲ្យអាជីវករផ្សារស្អាងគាត់លំបាក់យូរពេក ឲ្យស្របទៅតាមរាជរដ្ឋាភិបាល ដែលកំពុងយកចិត្តទុកដាក់ ចំពោះទុកលំបាករបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានោះដែរ បងប្អូនអាជីវករផ្សារស្អាងខាងជើង បានថ្លែងអំណរគុណ ដល់លោកអភិបាលខេត្តកណ្តាល ដែលបានយកចិត្តទុកដាក់ ចំពោះទុកលំបាក់ដែលបងប្អូនអាជីវករ បានជួបនាពេលកន្លងមក ដោយលក់ក្រោមកំដៅថ្ងៃ និងក្រោមភ្លៀងរលឹមពេលនោះ ហើយឥឡូវនេះ កង្វល់ទាំងនេះ ពួកគាត់លែងមានទៀតហើយ ដោយសារលោកអភិបាលខេត្តកណ្តាល ជួយធ្វើដំបូលគ្របលើផ្លូវបេតុងខាងក្រោយផ្សារនេះ ជូនពួកគាត់ ធ្វើពួកគាត់ ចំណុចដែលពួកគាត់កំពុងប្រកបរបរលក់ដូរនេះ។

អាជីវករ បានបន្ថែមថា លោកអភិបាលពិតជា ឪពុកដ៏វិសេសសម្រាប់ពលរដ្ឋខេត្តកណ្តាល ព្រោះអ្វីដែលកូនចៅជួបទុកលំបាក់ លោកបានចុះមកដោះស្រាយជូនភ្លាម។

សូមបញ្ជាក់ថា មុនដំបូងបងប្អូនអាជីវករមួយចំនួន បានជំទាស់ និងការធ្វើដំបូលគ្របលើផ្លូវបេតុងនេះ ដោយសារពួកគាត់ បានធ្វើរួចរាល់ហើយ ប៉ុន្តែមានបុគ្គលម្នាក់ ឬ២នាក់នោះទេ មិនធ្វើរួចហើយ ដើរបំផុសព័ត៌មាន ធ្វើឲ្យលំបាក់ដល់គេឯងជាច្រើនអ្នក ប៉ុន្តែក្រោយពីលោក ញឹម វណ្ណឌឹន អភិបាលស្រុកស្អាង បានអញ្ជើញបងប្អូនអាជីវករ ទៅធ្វើវេទិការសាធារណផ្សព្វផ្សាយ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ នៅសាលប្រជុំសាលាស្រុកស្អាង ធ្វើឲ្យបងប្អូនអាជីវករ បានយល់និងឯកភាពចូលរួមទាំងអស់គ្នាផងដែរ៕