(កំពង់ធំ)៖ លោកស្រី ឃុន ឃួនឌី អភិបាលរងខេត្តកំពង់ធំ បានអំពាវនាវដល់សិស្សានុសិស្សទូទាំងខេត្ត ត្រូវខិតខំរៀនសូត្រ ចៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះថា គ្រឿងបំផ្លាញជីវិត ត្រូវធ្វើអី្វមិនឲ្យប្រាស់ចាកពីច្បាប់រដ្ឋ នាំឲ្យបាត់បង់កិត្តិយសខ្លួនឯង ក្រុមគ្រួសារ និងនាំគ្នាគោរពច្បាប់ចរាចរណ៍។

លោកស្រី ឃុន ឃួនឌី ថ្លែងអំពាវនាវនៅក្នុងឱកាស លោកស្រីអញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២១០៧-២០១៨ នៅវិទ្យាល័យ ហ៊ុន សែន បល្ល័ង្ក នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដោយមានការចូលរួមពីសំណាក់លោកគ្រូ-អ្នកគ្រួ ឪពុកម្តាយ អាណាព្យាបាល និងសិស្សានុសិស្សចូលរួមយ៉ាងច្រើនកុះករ។

លោកស្រី ឃុន ឃួនឌី បានបន្តថា នេះគឺជាថ្ងៃបើកទំព័រឆ្នាំសិក្សាថ្មីសម្រាប់ក្មួយៗ សិស្សានុសិស្សចូលរៀនបន្តក្នុងទិវាដ៏មហោឡារិកនេះលោកសម្តែង នូវមនោសញ្ចេតនារីករាយ ដោយបង្ហាញនូវឆន្ទៈមោះមុត និងបុព្វហេតុយកចិត្តទុកដាក់លើកកម្ពស់វិស័យអប់រំ ជាពិសេសការជំរុញការកសាង ធនធានមនុស្សឲ្យប្រកបដោយគុណភាព បច្ចុប្បន្នយើងដឹងហើយថា ការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យាព័ត៌មានបាននាំឲ្យសង្គមនីមួយៗ ទទួលនូវឧត្តមភាព និងនាំឲ្យមានការវិវឌ្ឍន៍យ៉ាងខ្លាំងដល់វិស័យអប់រំផងដែរ។

លោកស្រីអភិបាលខេត្ត បានបញ្ជាក់ថា សង្គមជាតិរីកចម្រើនអាស្រ័យសង្គមនោះ សម្បូរដោយធនធានមនុស្សប្រកបដោយសក្កានុពលសមត្ថភាព អាចប្រែក្លាយសង្គមជាតិនោះ ឲ្យមានការអភិវឌ្ឍជឿនលឿនយ៉ាងឆាប់រហ័សប្រការនេះ តម្រូវឲ្យរាជរដ្ឋភិបាលត្រូវបន្តផ្តោតការយកចិត្តទុកដាក់ កាន់តែខ្លាំងឡើងៗ ទៅលើការអភិវឌ្ឍ មូលធនមនុស្សដើម្បីឲ្យមុតស្រួច ក្នុងការទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា។

ជាចុងបញ្ចប់លោកស្រី រួមជាមួយថ្នាក់ដឹកនាំខេត្ត និងមន្ទីរអប់រំបានចែកប័ណ្ណសសើរ ដល់សិស្សជាប់ចំណាត់ថ្នាកលេខ១ ដល់លេខ៣ ចំនួន៨១នាក់ ពីថ្នាក់ទី៧ទៅដល់ថ្នាក់ទី១១ និងបានចែករង្វាន់ដល់សិស្សជាប់និទ្ទេស A ចំនួន៩នាក់ ដោយក្នុងនោះត្រូវបានទទួលរង្វាន់លើកទឹកចិត្តពីអាជ្ញាធរខេត្តនូវម៉ូតូ១គ្រឿង និងថវិកា២០០ដុល្លារផងដែរ៕