(ត្បូងឃ្មុំ)៖ លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា សូមក្មួយៗចង់ចាំថា មានតែការអប់រំ និងចំណេះដឹងតែប៉ុណ្ណោះ ដែលអាចបើកផ្លូវទទួលយកអនាគតភ្លឺស្វាង កិត្តិយសរុងរឿងសម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។

លោក លី ឡេង ថ្លែងបែបនេះ ក្នុងឱកាសលោកអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០១៧-២០១៨ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ និងចែកប័ណ្ណសរសើរ ព្រមទាំងផ្តល់រង្វាន់ ដល់សិស្សពូកែ និងផ្តល់វត្ថុអនុស្សាវរីយ៍ដល់លោកគ្រូ-អ្នកគ្រូ ដែលចូលនិវត្តន៍ ដោយមានចូលរួមពីសំណាក់ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព លោកគ្រូ អ្នកគ្រូឪពុក ម្ដាយ និងអាណាព្យាបាលសិស្សានុសិស្ស សរុបប្រមាណ១៧០០នាក់ នៅវិទ្យាល័យសម្តេចម៉ែ ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

លោក លី ឡេង បានសំដែងការចូលរួមអបអរសាទរជាមួយនឹងលទ្ធផលការបង្រៀនរបស់លោកគ្រួ-អ្នកគ្រូ និងការសិក្សារបស់សិស្សានុសិស្ស ក៏ដូចជាថ្នាក់ដឹកនាំសាលា និងឪពុកម្ដាយអាណាព្យាបាលសិស្ស ដែលបានខិតខំយកចិត្តទុកដាក់ចូលរួមចំណែកក្នុងការអប់រំបណ្ដុះបណ្ដាលធនធាន មនុស្សប្រកបដោយគុណភាព ប្រសិទ្ធភាពដើម្បីអភិវឌ្ឍប្រទេសជាតិយើង ឲ្យកាន់តែរីកចម្រើនឆាប់រហ័ស និងស្របតាមគោលនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជា។

លោក លី ឡេង បានបន្តថា បន្ទាប់ពីលោកគ្រូអ្នកគ្រូ ដែលបង្រៀននៅក្នុងសាលារៀន មាតាបិតា មានតួនាទីសំខាន់ណាស់ក្នុងការរួមចំណែកជំរុញ ដល់កុលបុត្រ កុលធីតារបស់ខ្លួនឲ្យខិតខំប្រឹងប្រែងព្យាយាមសិក្សារៀនសូត្រដើម្បីជួយពង្រឹងឲ្យកូនចៅខ្លួនមាការទទួលខុសត្រូវមានសីលធម៌ និងការអភិវឌ្ឍន៍វិជ្ជាជីវៈដែលជាមូលដ្ឋានសំខាន់បំផុតសម្រាប់ឈោងទៅរកការបំពេញបន្ថែមនូវជំនាញជាន់ខ្ពស់នានា សម្រាប់អនាគតភ្លឺស្វាង ចំពោះខ្លួនឯងផងចំពោះគ្រួសារផង និងសង្គមជាតិផង។

លោក លី ឡេង បានបន្តថា ចំពោះក្មួយៗសិស្សានុសិស្សទាំងអស់ គឺជាអ្នកកាន់កូនសោរសម្រាប់បើកជោគវាសនារបស់ខ្លួននាពេលអនាគត ដូចនេះសូមក្មួយៗចង់ចាំថាគឺមានតែការអប់រំ និងចំណេះដឹងប៉ុណ្ណោះទេ ដែលអាចបើកផ្លូវឲ្យទទួលបានអនាគតរុងរឿង ។

លោកអភិបាលខេត្ត បានផ្តាំផ្ញើរថាមានតែចំណេះវិជ្ជា និងសីលធម៌ជាទ្រព្យសម្បត្តិ ដែលមិនចេះរីងស្ងួត ព្រមទាំងបង្កើតនូវកិត្តិយស និងភាពថ្លៃថ្នូរ ដល់ក្មួយៗ និងក្រុមគ្រួសារ ដូចនេះចូលក្មួយៗ សិស្សានុសិស្សទាំងអស់ខិតខំរៀនសូត្រធ្វើខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អជៀសវាងការ ប្រព្រឹត្តអំពើមិនគប្បីទាំងឡាយដែលជាកង្វល់ចំពោះមុខរបស់សង្គមជាតិទាំងមូលដើម្បីសម្រេចទិសដៅអនាគត ដើម្បីក្លាយជាធនធានដ៏មានតម្លៃ សម្រាប់គ្រួសារ សង្គម និងប្រទេសជាតិនាពេលអនាគត។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានធ្វើការចែកប័ណ្ណសរសើរព្រមទាំងផ្តល់រង្វាន់ដល់សិស្សពូកែ និងផ្តល់វត្ថុអនុស្សាវរីយ៍ដល់លោកគ្រូអ្នកគ្រូ នៅវិទ្យាល័យសម្តេចម៉ែផងដែរ៕