(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចចៅហ្វាវាំងវរវាំងជ័យធិបតីស្រឹង្គា គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង បានប្រគល់បង្គន់អនាម័យ ចំនួន២កន្លែង នៅក្នុងបរិវេណព្រះមេរុ ដល់សាលារាជធានីភ្នំពេញ ដើម្បីបើកឲ្យប្រជាពលរដ្ឋ បានប្រើប្រាស់ក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ។

​​​​​​​បង្គន់អនាម័យទំនើបទាំង២កន្លែងនេះ គឺជាផ្នែកមួយដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ បន្ទោរបង់បានត្រឹមត្រូវ មិនបាត់បង់ សណ្តាប់ធ្នាប់។ មន្រ្តីសាលារាជធានីភ្នំពេញ បានឲ្យដឹងថា អាជ្ញាធរបានត្រៀមបង្គន់អនាម័យចលត័ និងបង្គន់អនាម័យសាធារណៈជាង៤០កន្លែង នៅជុំវិញកន្លែងប្រារព្វពិធី សរុប៤៧៥បង្គន់ ហើយការប្រើប្រាស់មិនយក កម្រៃសេវាឡើយ។

បង្គន់អនាម័យទាំង២ទីតាំងនេះ ចែកចេញជា១៤បន្ទប់ ស្រី៦បន្ទប់, ប្រុស៦បន្ទប់ និងសំរាប់ជនពិការចំនួន២បន្ទប់ សំរាប់បំរើឲ្យការប្រើប្រាស់ជាសាធារណៈដោយមិនយកប្រាក់។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលអញ្ជើញទៅទទួលបង្គន់អនាម័យទាំង២កន្លែងនោះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រសួងព្រះបរមរាជវាំងពិសេស សម្តេចចៅហ្វាវាំងវរះវាំងជ័យធិបតីស្រឹង្គា គង់ សំអុល ដែលបានយកចិត្តទុកដាក់គិតគូរ សុខទុក្ខរបស់ប្រជាពលរដ្ឋ មកកំសាន្តក្នុងឱកាសព្រះរាជធិធីបុណ្យអុំទូកនេះ មានកន្លែងបន្ទោបង់បានត្រឹមត្រូវផង និងចូលរួមថែរក្សាអនាម័យ និងបរិស្ថានទីក្រុងភ្នំពេញថែមទៀត។

ក្នុងឱកាសនោះលោកអភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ ត្រូវចូលរួមថែរក្សា និងសំអាតបន្ទប់ទឹក នេះឲ្យបានស្អាតជានិច្ច។ ជាមួយគ្នានោះ លោកអភិបាលក៏បានអំពាវនាវដល់បងប្អូនអ្នកលក់ ដូរទាំងឡាយ ត្រូវអនុវត្តតាមការណែនាំរបស់អាជ្ញាធរ មានសមត្ថកិច្ចធ្វើយ៉ាងណារក្សាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ,រក្សាបរិស្ថាន អនាម័យឲ្យបានល្អ។

ក្រោយពេលលក់ដូរ ត្រូវសំអាតទីតាំងលក់ដូររបស់ខ្លួន ឲ្យបានស្អាតជានិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ៕