(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញជាថ្មីឲ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តឲ្យបានដាក់ខ្ពស់លើកិច្ចការពារ សន្តិសុខ សុវត្ថិភាព និងការងារជួយសង្គ្រោះជូនប្រជាពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោក ឃួង ស្រេង ជំរុញបែបនេះក្នុងកិច្ចប្រជុំជាមួយកងកម្លាំងប្រដាប់អាវុធ និងមន្រ្តីពាក់ព័ន្ធម្តងទៀត នៅសាលារាជធានីភ្នំពេញ ដើម្បីបញ្ជាក់បន្ថែមពីផែនការ សម្រាប់កិច្ចការការពារសន្តិសុខ សុវត្ថិភាព និងការងារជួយសង្គ្រោះជូនប្រជាពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ។ ដោយមានការចូលរួមពី លោកស្នងការនគរបាលរាជធានី មេបញ្ជាការកងរាជអាវុធហត្ថរាជធានី អភិបាលខណ្ឌទាំង១២ ព្រមទាំងមន្ត្រីពាក់ព័ន្ឋក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញជាច្រើនរូបទៀត។

លោក ឃួង ស្រេង បានបន្តថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំនេះចាប់ផ្តើមឡើងពីថ្ងៃទី២ ដល់ទី៤វិច្ឆិកា តាមដងទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីបើកឱកាសជូនប្រជាពលរដ្ឋ ចូលរួមកំសាន្តសប្បាយរីករាយអបអរសាទរបុណ្យប្រពៃណីជាតិ ដោយមានបណ្តែតប្រទីប អុចកាំជ្រួច និងសំដែងសិល្បះគ្រប់ទាំង៣ថ្ងៃ។

លោកអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំឲ្យមន្រ្តីគ្រប់ផ្នែកត្រូវយកចិត្តទុកដាក់បំពេញការងាររៀងខ្លួន ឲ្យបានល្អបំផុតដើម្បីឲ្យព្រះរាជពិធីបុណ្យនេះ ប្រព្រឹត្តិទៅប្រកបដោយភាពសប្បាយរីករាយ អធិកអធម និងធានានូវសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ជាងនេះទៅទៀតត្រូវដាក់រថយន្តសង្គ្រោះបន្ទាន់ និងគ្រូពេទ្យជាប់ជាប្រចាំដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ពេលដែលពួកគាត់មានបញ្ហាសុខភាពអ្វីមួយកើតឡើងដូចជាខ្យល់គរជាដើម។

លោក ឃួង ស្រេង ក៏បានណែនាំឲ្យអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធទាំងរៀបចំបង្គន់អនាម័យ ប្រព័ន្ធទឹក ប្រព័ន្ធភ្លើងឲ្យបានសមរម្យការដាក់ពង្រាយធុង ថង់សំរាម និងការណែនាំអប់រំ អាជីវករ ប្រជាពលរដ្ឋអោយបានយល់ និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវទៅតាមការណែនាំរបស់រដ្ឋបាលភ្នំពេញ៕