(ភ្នំពេញ)៖ នៅសល់តែរយៈពេល២ថ្ងៃទៀតតែប៉ុណ្ណោះ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងឈាន​ចូលមកដល់នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីរួមគ្នាសំអាតទីក្រុង និងទឹកទន្លេ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ ក្រោមការឧបត្ថម្ភ ពីកម្មវិធីសម្ព័ន្ធប្រែប្រួល អាកាសធាតុកម្ពុជា (CCCA) នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន បានរៀបចំផលិតបដារអប់រំមានខ្លឹមសារថា «ទន្លេនេះជារបស់អ្នក សូមកុំបោះសំរាមចូលទន្លេរបស់អ្នក» ចំនួន៦ផ្ទាំង និងធុងសំរាមចំនួន១៥០ ជូនរដ្ឋបាលខណ្ឌដូនពេញ ដើម្បីដាក់ពង្រាយតាមមាត់ទន្លេ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក។

ការប្រគល់និងទទួលនេះ ត្រូវបានរៀបចំឡើងនៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ នៅខណ្ឌដូនពេញដោយមានការចូលរួមពីលោកបណ្ឌិត ភាវ សុវុទ្ធី អគ្គលេខាធិការរង នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព, លោក ប៊ូ ចន្ទសិរី អគ្គនាយករង និងជាប្រធានគម្រោងបំរែបំរួលអាកាសធាតុ (CCCA) នៃក្រសួងទេសចរណ៍ និងលោក លោក ចាន់ គន្ថេត អភិបាលរងខណ្ឌដូនពេញ។

ការដាក់បដារអប់រំ និងផ្ដល់ធុងសំរាមនេះ ធ្វើឡើងដើម្បីពញ៉ាក់អារម្មណ៍ប្រជាពលរដ្ឋទាំងអស់ ដែលចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រួមគ្នាសំអាតទីក្រុង និងទឹកទន្លេ ដោយមិននាំគ្នាចោលសំរាមចូលទឹកទន្លេ និងរួមគ្នាបោះ​សំរាមចោលក្នុងធុងទាំងអស់។

ទន្ទឹមនឹងនេះ ដើម្បីឲ្យបរិស្ថានក្នុងបរិវេណកន្លែងដើរកំសាន្ដ កាន់តែស្អាតគ្មានសំរាម ក្រសួងទេសចរណ៍ បានអំពាវនាវឲ្យក្រុមយុវជន​ និងអ្នកស្ម័គ្រចិត្តធ្វើយុទ្ធនាការ រើសសំរាមទាំងអស់គ្នា និងស្នើឲ្យពលរដ្ឋដែលបានចូលរួមកំសាន្ដ រួមគ្នាចោលសំរាមក្នុងធុង៕