(កំពង់ចាម)៖ សម្រាប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ មានសមាជិកក្រុមប្រឹក្សាស្រុកកងមាស ខេត្តកំពង់ចាម និងហិរញ្ញញឹកអចិន្ត្រៃយ៍ គណបក្សសង្គ្រោះជាតិម្នាក់ទៀតហើយ គឺលោកស្រី យ៉ាន សោភា បានប្រកាសដើរចេញពីគណបក្សរបស់ខ្លួន ដោយសុំមកចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។

ស្រ្តីថ្នាក់ដឹកនាំវ័យ៤០ឆ្នាំ ដ៏សំខាន់ម្នាក់នេះ របស់បក្សសង្គ្រោះជាតិបានហៅលោក កឹម សុខា ប្រធានគណបក្ស ជាអាយ៉ងរបស់អាមេរិក ហើយចង់បំផ្លាញជាតិឯង នាំទៅរកគ្រោះថ្នាក់ដូចអតីតកាល។

សមាជិកក្រុមប្រឹក្សាស្រុកកងមាស របស់គណបក្សសង្គ្រោះជាតិ បានបញ្ជាក់ហេតុផលយ៉ាងច្បាស់ថា ការចាកចេញពីគណបក្សសង្គ្រោះជាតិ ដោយសារតែពួកគេបានឃើញតាមវិដេអូ ឃ្លីប របស់លោក កឹម សុខា នូវទង្វើក្បត់ជាតិ បម្រើបរទេស ហើយចង់ផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់។

ស្រ្តីរូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា «បន្ទាប់ពីខ្ញុំបានមើលឃើញ ក្លីបវីដេអូរបស់គាត់ នាងខ្ញុំយល់ថា គាត់ជាអាយ៉ងរបស់អាមេរិក មិនធ្វើឲ្យខ្មែរទទួលបានលទ្ធផលល្អ បែរទៅជាបំបែកបំបាក់ខ្មែរ។ ហើយគណបក្សប្រជាជន ដែលមានសម្តេចតេជោ លោកជួយប្រជាជន... មិនដូចគណបក្សសង្គ្រោះជាតិនោះទេ»

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងជំនួបជាមួយតំណាងកម្មករ និយោជិត កាលពីប៉ុន្មានថ្ងៃមុននេះ បានប្រកាសស្វាគមន៍ និងអំពាវនាវដល់មេឃុំ ចៅសង្កាត់ ជំទប់ និងក្រុមប្រឹក្សាឃុំ សង្កាត់របស់គណបក្សសង្រ្គោះជាតិឲ្យចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរក្សាដំណែងរបស់ពួកគេឲ្យនៅដដែល។

សូមទស្សនាវីដេអូ របស់សមាជិកក្រុមប្រឹក្សាស្រុកកងមាស ខេត្តកំពង់ចាម គណបក្សសង្គ្រោះជាតិ គឺលោក​ស្រី យ៉ាន សោភាព ​ដែលបញ្ជាក់ពីហេតុផល នៃការដើរចេញពីបក្សរបស់ខ្លួន៖​