(ភ្នំពេញ)៖ ស្ថានីយទូរទសន៍ CNC សហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្រោមការឧបត្ថម្ភ​ពីក្រុមហ៊ុន អចលនទ្រព្យ RGS Global រៀបចំការប្រកួតជាលក្ខណៈ អន្តរជាតិ ដែលមានឈ្មោះថា «ការប្រកួត CFC គុនខ្មែរអន្តរជាតិ» ដោយមានកីឡាករបរទេស និងកីឡាករខ្មែរ៨នាក់ មកពីបណ្តា​ចំនួន៥ មានដូចជា ប្រទេសថៃ ជប៉ុន ចិន ប្រេស៊ីល និងកម្ពុជាសុទ្ធសឹងជាកីឡាករជើងខ្លំាង ខណៈការប្រកួត នឹងចាប់ផ្តើម​នៅថ្ងៃអាទិត្យ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ នាសង្វៀន CNC​។

ស្ថានីយទូរទសន៍ CNC និងដៃគូសហការរួមមានក្រុមហ៊ុន អចលនទ្រព្យ RGS Global និងនៅភោជនីយដ្ឋាន Samba បានធ្វើពិធីសន្តិសីទសារព័ត៌មាន ស្តីពីការបើកការប្រកួត CFC គុនខ្មែរអន្តរជាតិជាផ្លូវការ នៅភោជនីយដ្ឋាន Samba នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ នេះ។

លោក ហួរ រតនៈ ប្រធានទីផ្សារស្ថានីយទូរទសន៍ CNC មានប្រសាសន៍ថា ស្ថានីយទូរទសន៍ CNC បានប្រឡូកចូលមួយកម្រិតទៀតក្នុងវិស័យកីឡា និងបានផ្សព្វផ្សាយ នូវការប្រកួតកីឡាដ៏ពេញនិយម ដើម្បីលើកតំកើង លើវិស័យកីឡាប្រដាល់គុនខ្មែរ។ ជាក់ស្តែងក្នុងថ្ងៃនេះ យើង​សូមនាំមកនូវកម្មពិធីប្រកួតថ្មីមួយ គឺការប្រកួតCFC គុនខ្មែរអន្តរជាតិ ដែលជាកម្មពិធីប្រកួតកម្រិត​ ស្តង់ដារអន្តរជាតិ ដោយមានអ្នកប្រដាល់កម្ពុជា និងមកពីបណ្តាលប្រទេសមួយចំនួន ដូចជាប្រទេសថៃ ជប៉ុន ចិន ប្រេស៊ីល ។

លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរបានមានប្រសាសន៍ថា តាមរយៈសហការយ៉ាងស្អិតល្មួត ជាមួយស្ថានីយទូរទសន៍ CNC នាពេលនេះ យើងបាននាំនូវកម្មវិធីមួយថ្មី ដែលមានឈ្មោះថា «ការប្រកួតCFC គុនខ្មែរអន្តរជាតិ» ដោយព្រឹត្តិការណ៍ខាងលើនេះ កីឡាករបរទេស និងកីឡាករខ្មែរ៨នាក់ មកពីបណ្តាលចំនួន៥ គឺប្រទេសថៃ ជប៉ុន ចិន ប្រេស៊ីល និងកម្ពុជាសុទ្ធសឹង ជាកីឡាករជើងខ្លំាង។

លោក Sherman Liew ជា Chairman & found of RGS Global និង CFC បានថ្លែងថា គោលបំណងនៃការរៀបចំព្រឹត្តិការណ៍ ប្រយុទ្ធនេះឡើង គឺដើម្បីនាំគុនខ្មែរ ទៅកាន់ពិភពលោក និងលើកកម្ពស់វិស័យកីឡានេះ ទៅឆាកអន្តរជាតិ។ គុនខ្មែរមានប្រវត្តិសាស្រ្តសម្បូ​របែប ចាប់តាំងពីអាណាចក្រខ្មែរ កំឡុងសម័យអង្គរ ហើយយើងសង្ឃឹមថា តាមរយៈស្ថានីយទូរទសន៍ CNC ដែលជាស្ថានីយទូរទស្សន៍ល្អបំផុតមួយ របស់ប្រទេសកម្ពុជា ដើម្បីចាក់ផ្សាយព្រឹត្តិការណ៍ ទៅកាន់ពិភពលោក៕