(សៀមរាប)៖ ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រើប្រាស់ថវិកាជាតិឲ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព អាជ្ញាធរជាតិអប្សរា បានសហការជាមួយអគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំបទបង្ហាញក្រោមប្រធានបទ «នីតិវិធីអនុវត្តថវិកាកម្មវិធី សម្រាប់អាជ្ញាធរជាតិអប្សរា» រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣០-៣១ ខែតុលា ឆ្នាំ២០១៧។

កម្មវិធីនេះរៀបចំឡើងនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ដើម្បីបណ្តុះបណ្តាលមន្ត្រីបុគ្គលិកពាក់ព័ន្ធ ឲ្យទទួលបានការយល់ដឹងកាន់តែច្បាសប់លើចរន្ត និងប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកាអាជ្ញាធរជាតិអប្សរា សម្រាប់ឆ្នាំ២០១៨ ខាងមុខ។

វាគ្មិនដែលបានធ្វើបទបង្ហាញ គឺជាមន្ត្រី និងជាគ្រូបង្គោលដែលអញ្ជើញមកពីនាយកដ្ឋានថវិកានីយកម្ម នៃអគ្គនាយកដ្ឋានថវិកា អគ្គនាយកដ្ឋានរតនាគារជាតិ នាយកដ្ឋានហិរញ្ញកិច្ច នៃអគ្គនាយកដ្ឋានថវិកា និងគ្រូបង្គោល ដែលអញ្ជើញមកពីអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ។

ចំណុចសំខាន់ដែលបានលើកមកបង្ហាញ មានដូចជា គោលការណ៍ណែនាំស្តីពី នីតិវិធីរៀបចំថវិកា ការអនុវត្តជាក់ស្តែង ស្តីពីនីតិវិធីរៀបចំថវិកា នីតិវិធីចំណាយតាមរជ្ជទេយ្យបុរេប្រទាន សម្រាប់ថវិកាកម្មវិធីកិច្ចបញ្ជិកាគណនេយ្យ ដោយរជ្ជទេយ្យករបុរេប្រទាន និងបទប្បញ្ញត្តិលទ្ធកម្មសាធារណៈជាដើម។

ការរៀបចំវគ្គនេះឡើង គឺក្នុងគោលបំណងជំរុញឲ្យមន្ត្រីបុគ្គលិកមានភាពងាយស្រួល ក្នុងការរៀបចំគម្រោងថវិកា ដើម្បីអនុវត្តការងាររបស់ខ្លួនឲ្យមានប្រសិទ្ធភាព និងតម្លាភាព ជាពិសេសវគ្គបណ្តុះបណ្តាលនេះ ក៏ដើម្បីបញ្រ្ជាបការយល់ដឹងបន្ថែមលើខ្លឹមសារសារាចរលេខ ០០១ សហវ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញត្ថុវ និងដាក់ឱ្យប្រើប្រាស់តាមប្រកាសលេខ ១៩១១ សហវ. ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីគោលការណ៍ណែនាំ ស្តីពីនីតិវិធីអនុវត្តថវិកាកម្មវិធី»៕