(ភ្នំពេញ)៖ ​ថ្នាក់ដឹកនាំជាន់ខ្ពស់មួយក្រុមរបស់សហភា​អ៊ឺរ៉ុប ដែលដឹកនាំដោយលោក Werner Langen ប្រធានគណៈកម្មាធិការ កិច្ចការសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ស្ថាប័នអន្ដរជាតិមួយនេះ បាន​ឯកភាព និងទទួលយកការពន្យល់ពីប្រមុខកាទូតកម្ពុជា លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន ​ពាក់ព័ន្ធទៅនឹងសំណុំរឿង លោក កឹម សុខា និងការចាប់ខ្លួនប្រធានគណបក្សប្រឆាំងមួយនេះ ពាក់ព័ន្ធនឹងអំពើក្បត់ជាតិ ព្រមទាំងករណីកាសែត The Cambodia Daily និងការបិតអង្គការ NDI។

ការបញ្ជាក់អះអាងពីគណៈប្រតិភូជាន់ខ្ពស់របស់សភាអ៊ឺរ៉ុបខាងលើនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយ លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ក្នុងអំឡុងការបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ នៅកម្ពុជា របស់គណៈប្រតិភូស្ថាប័នអន្ដរជាតិមួយនេះ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន នៃលទ្ធផលជំនួបពិភាក្សារវាងភាគីទាំង២ បានបញ្ជាក់ថា «លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន បានលើកឡើងពីការចាប់ខ្លួន ប្រធានគណបក្សប្រឆាំងលោក កឹម សុខា ដែលវិធានការទាំងនេះ បានធ្វើឡើងស្របតាមច្បាប់ជាធរមាននៅកម្ពុជា ក្នុងគោលដៅពង្រឹងនីតិរដ្ឋ និងការពារឯករាជ្យ អធិបតេយ្យភាពកម្ពុជា ប្រឆាំងនឹងការប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង រាជរដ្ឋាភិបាលស្របច្បាប់»

លោកទេសរដ្ឋមន្ដ្រី ក៏បានបញ្ជាក់ទៅកាន់គណៈប្រតិភូសភាអ៊ឺរ៉ុប នៃដំណើរការលទ្ធផលប្រជាធិបតេយ្យ ដែលផ្សាភ្ជាប់គ្នាជាមួយការពង្រឹងនីតិរដ្ឋ ព្រមទាំងការពន្យល់បកស្រាយករណីកាសែត The Cambodia Daily និងការបិទអង្គការ NDI របស់រដ្ឋអាមេរិក។

ជាការឆ្លើយតបមកវិញ គណៈប្រតិភូសភាអ៊ឺរ៉ុប បានថ្លែងអំណរគុណចំពោះការពន្យល់បកស្រាយ និងបង្ហាញពីការចាប់អារម្មណ៍ចំពោះហេតុផល ពីប្រមុខកាទូតកម្ពុជាខាងលើនេះ ព្រមទាំងសម្ដែងការស្វាគមន៍នៃការអញ្ជើញរបស់កម្ពុជា ឲ្យចូលរួមសង្កេតការណ៍នៅក្នុងការបោះឆ្នោតទូទៅ នៅឆ្នាំ២០១៨ខាងមុខនេះ។

សូមបញ្ជាក់ថា លោក ​Werner Langen បានដឹកនាំសហការីរបស់ខ្លួនសរុបទាំងអស់ មានគ្នា៦នាក់ មកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា រយៈពេល២ថ្ងៃ (ទី៣០-៣១ ខែតុលា ឆ្នាំ២០១៧) ដោយបានជួបពិភាក្សាការងារជាមួយប្រមុខកា​ទូតកម្ពុជា និងបានជួបពិភាក្សាការងារ ជាមួយលោកឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុងផងដែរ៕