(ភ្នំពេញ)៖ កម្លាំងនគរបាលផ្នែកគ្រឿងញៀន និងផ្នែកអន្តរាគមន៍ ខណ្ឌជ្រោយចង្វារ បានសហការប្រតិបត្តិការ ចុះពួនស្ទាក់លបឆ្មក់បង្ក្រាប និងឃាត់ខ្លួនក្រុមជនសង្ស័យ ជាបន្តបន្ទាប់ចំនួន៦នាក់ ដកហូតបានថ្នាំញៀន៩កញ្ចប់ និងម៉ូតូ៣គ្រឿង ក្នុង៣ករណីផ្សេងគ្នា ពាក់ព័ន្ធការជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។

ប្រតិបត្តិការចុះបង្ក្រាបខាងលើនេះ បានធ្វើឡើងនៅត្រង់ចំណុចខាងមុខសាលាកសិកម្ម ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦A ភូមិព្រែកលៀប ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប និងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧។

លោកវរសេនីយ៍ត្រី អ៊ុង សឿន អធិការរងទទួលផែនគ្រឿងញៀន ខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា មុនឈានដល់ការបង្ក្រាបក្រុមប្រើប្រាស់ និងជួញដូរថ្នាំញៀនទាំង៦នាក់ ខាងលើនេះ បានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ ក្រោមការណែនាំពីអធិការនគរបាលខណ្ឌលោក សៀម សុត្ថាវុធ ដើម្បីឲ្យកម្លាំងជុំនាញ ផ្នែកអន្តរាគមន៍ និងផ្នែកគ្រឿងញៀន សហការដាក់តាមគោលដៅ ត្រួតពិនិត្យបទល្មើសផ្សេងៗ ក្នុងភូមិសាស្ត្រខណ្ឌ ពិសេសធ្វើការត្រួតពិនិត្យបទល្មើសចរាចរផ្លូវគោក ស្រាប់តែប្រទះឃើញពួកគេ ដែលទើបតែជិះម៉ូតូ មកពីទិញគ្រឿងញៀន ហើយក៏ឈានដល់ការឃាត់ឆែកឆេរ រកឃើញថ្នាំញៀនជាបន្តបន្ទាប់ចំនួន៩កញ្ចប់ និងដកហូតទាំងម៉ូតូចំនួន៣គ្រឿងផងដែរ។

សូមបញ្ជាក់ថា ក្រុមជនសង្ស័យទាំង៦នាក់ រួមជាមួយវត្ថុតាង ដែលដកហូតបានពីសកម្មភាព ត្រូវបានបញ្ជូនមក កាន់អធិការដ្ឋានគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕