(ពោធិ៍សាត់)៖ មុខសញ្ញាឆបោកប្រាក់ និងប្រើប្រាស់ដោយខុសច្បាប់នូវសម្លៀកបំពាក់ ដោយដើរបោកប្រាស់ប្រជាពលរដ្ឋជាថ្នូរ និងសន្យាថា ឲ្យ បានចូលក្របខ័ណ្ឌជាមន្ត្រីកងរាជអាវុធហត្ថ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងពោធិ៍សាត់ឃាត់ខ្លួន។

ការចុះឃាត់ខ្លួន មន្រ្តីអាវុធហត្ថក្លែងក្លាយខាងលើនេះ បានធ្វើឡើងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្នុងហាងកាហ្វេ១កន្លែង ក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ រួចបញ្ជូនភ្លាមៗ ទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តពោធិ៍សាត់ ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី។

មន្រ្តីកងរាជអាវុធក្រុងពោធិ៍សាត់ បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននោះមានឈ្មោះ ង៉ែត វ៉ុន ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

មន្ត្រីដដែល បានឲ្យដឹងទៀតថា រហូតមកទល់ថ្ងៃនេះ ជនសង្ស័យ រួមនិងវត្ថុតាង សមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការដើម្បីចាត់ការបន្ត៕