(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានពន្យល់ទៅតំណាងសភាអឺរ៉ុប ពីចំណាត់ការរបស់រដ្ឋាភិបាលចំពោះការចាប់ខ្លួនលោក កឹម សុខា «ថាអ្វីៗដែលរដ្ឋាភិបាលកម្ពុជា ធ្វើគឺស្របតាមច្បាប់រដ្ឋធម្មនុញ្ញ ទិដ្ឋភាពច្បាប់ និងច្បាប់ដែលមានជាធរមាននៅកម្ពុជា» និងប្តេជ្ញាពង្រឹងទំនាក់ទំនងជាមួយកម្ពុជាឲ្យកាន់តែប្រសើរ។

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងបែបនេះ ក្នុងឱកាសអតីតប្រមុខការទូតកម្ពុជា ជួបប្រជុំពិភាក្សាការងារជាមួយតំណាងសភាអឺរ៉ុប នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ នៅវិមានសន្តិភាព។ «ក្រោយពីស្តាប់នូវការពន្យល់យ៉ាងក្បោះក្បាយអំពីមូលហេតុ និងលើកបង្ហាញពី ទិដ្ឋភាពច្បាប់នានាជុំវិញការចាប់ខ្លួនលោក កឹម សុខា ហើយតំណាងប្រតិភូសភាអឺរ៉ុប មិនបានប្រតិកម្មតបយ៉ាងណានោះឡើយ»។ នេះបើតាមលោក លុយ ដាវីត ជំនួយការលោកឧបនាយករដ្ឋមន្រ្តី ដែលបានប្រាប់ក្រុមអ្នកកាសែត បន្ទាប់ពីចប់កិច្ចពិភាក្សា។

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបន្តថា តំណាងសភាអឺរ៉ុប ក៏បានលើកឡើងពីបញ្ហាស្បៀងអាហារដោយកម្ពុជា ពុំមានបញ្ហាស្បៀង អាហារកើតឡើងនោះទេ ដោយសារប្រទេសកម្ពុជា ជាប្រទេសកសិកម្ម និងជាប្រទេសនាំអង្ករចេញទៅក្រៅប្រទេស​ផងដែរ។ លោកបានអំពាវនាវ ឲ្យសភាអឺរ៉ុប ឲ្យបន្តផ្សព្វផ្សាយក្រុមហ៊ុននានានៅសហគមអឺរ៉ុបឲ្យមកវិនិយោគទុននៅកម្ពុជា លើផ្នែកសាងសង់រោងចក្រកិនស្រូវ និងសុំស្នើរទៅសភា អឺរ៉ុប បង្កើនការទិញស្រូវអង្ករកម្ពុជាបន្ថែមទៀត ហើយក្រៅពីអង្ករ ក៏ជំរុញឲ្យទិញម្រេចខ្មៅនៅខេត្តកំពត។

អតីតប្រមុខការទូតរូបនេះ ក៏បានថ្លែងបង្ហាញអំពីសារសំខាន់ នៃប្រព័ន្ធអនុគ្រោះពន្ធទូទៅ ដែលសហភាពអឺរ៉ុបបានផ្តល់មកកម្ពុជា។ លោកបានគូសបញ្ជាក់ថា ការអនុគ្រោះពន្ធនេះ បានរួមចំណែកសំខាន់ ក្នុងការអភិវឌ្ឍន៍កម្ពុជាផ្នែកសេដ្ឋកិច្ច និងរួមចំណែកលើកស្ទួយជីវភាព ប្រជាពលរដ្ឋតាមរយៈបង្កើតការងាររាប់រយពាន់សម្រាប់ប្រជាពលរដ្ឋកម្ពុជា។

តំណាងសភាអឺរ៉ុប បានកោតសសើរយ៉ាងខ្លាំងចំពោះការរីកចម្រើន និងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចនៅកម្ពុជា ដែលសម្រេចបានសម្ធទិផលជាច្រើនគួរ ឲ្យកត់សំគាល់។ សភាអឺរ៉ុប បានបញ្ជាក់ថា​ នឹងសម្រេចបន្តជួយដល់កម្ពុជា ទៅលើវិស័យកាត់បន្ថយភាព​ក្រីក្រ៕