(ភ្នំពេញ)៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១២ ដែលបានប្រព្រឹត្តទៅនៅ ទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ទិវានេះមានការអញ្ជើញចូលរួមពីអភិបាលខេត្តបន្ទាយមានជ័យ លោក សួន បវរ ព្រមទាំងមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណ ការនិងដឹកជញ្ជូន សមាជិកសមាជិកានៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៃខេត្តបន្ទាយមានជ័យសរុបប្រមាណ ១,០០០នាក់។

ទិវានេះរៀបចំឡើងដោយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីរំលែកទុក្ខសោកដល់ក្រុមគ្រួសារ និងជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរ និងជួយពញ្ញាក់អារម្មណ៍ដល់ប្រជាពលរដ្ឋគ្រប់រូបឲ្យយល់ដឹងអំពីផលប៉ះពាល់ដ៏សោកសៅនៃគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងដោយការបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព ការបើកបរហួសល្បឿនកំណត់ ការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ការដឹកលើសទំងន់កំណត់ឬសំពីងសំពោង និងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។

លោកទេសរដ្ឋមន្ត្រីបានអំពាវនាវដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ ជាពិសេសអ្នកបើកបរយានយន្តនៅទូទាំងប្រទេសត្រូវស្វែងយល់និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការដែលមានចែង ក្នុងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសំណូមពរសុំឱ្យបងប្អូនទាំងអស់ជួយផ្សព្វផ្សាយសេចក្តីអំពាវនាវខាងលើទៅដល់បងប្អូន មិត្តភក្តិឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរ ដើម្បីចូលរួមចំណែកជួយសង្គ្រោះជីវិតមនុស្សនៅលើផ្លូវថ្នល់។

ផ្អែកតាមរបាយការណ៍គិតចាប់ពីខែមករា រហូតមកដល់ខែកញ្ញា ឆ្នាំ២០១៧នេះបង្ហាញថា អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍សរុបមានចំនួន១.៣៥៧នាក់ និងរបួសចំនួន៤២.២២នាក់។ ក្នុងចំណោមអ្នក ស្លាប់ទាំង១.៣៥៧នាក់នេះ មាន៧៦%ជាអ្នកជិះម៉ូតូកម្លាំង ១២៥ cc ចុះក្រោម ហើយកត្តាគ្រោះថ្នាក់ចរាចរណ៏នេះបង្កឡើងដោយការប្រើប្រាស់ល្បឿន ការមិនគោរពសិទ្ធិអាទិភាព ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់។

ជាមួយគ្នានេះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រគេនទេយ្យទាន និងបច្ច័យដល់ព្រះសង្ឃ១៥អង្គ ដែលក្នុងមួយអង្គថវិកា ៥ម៉ឺនរៀល ជនរងគ្រោះដែលជាជនពិការដោយគ្រោះថ្នាក់ចរាចរណ៍ទទួលបានថវិកា១០ម៉ឺនរៀល និងអ្នកចូលរួមចំនួនពីរម៉ឺនរៀលផងដែរ។

ចុងបញ្ចប់នៃកម្មវិធីមានការនិមន្តព្រះសង្ឃ រាប់បាត្រ ព្រមទាំងបង្សុកូល ដើម្បីឧទ្ទិសជូនដល់ជនរងគ្រោះ ដែលបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាការបួងសួងដល់ទេវតាឱ្យតាមជួយថែរក្សា និងផ្តល់សេចក្តីសុខ និងជួយបញ្ជៀសគ្រោះថ្នាកចរាចរណ៍ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលធ្វើដំណើរតាមផ្លូវ៕