(ភ្នំពេញ)៖ ពិតជាខូចសុខភាពខ្លាំងណាស់ ប្រសិនបើផលិតផល គ្មានគុណភាពវាយលុកពាសពេញទីផ្សារយ៉ាងអាណធិបតេយ្យដូច្នេះ ពីព្រោះវាមិនត្រឹមតែគ្មានគុណភាព តែវាបានបន្ថែម
នូវសារជាតិគីមីពុល បង្កគ្រោះថ្នាក់បន្តបន្ទាប់ដល់សុខភាព មនុស្សគ្រប់វ័យ ហើយមិនយូររាងកាយ នឹងចុះខ្សោយដោយសារសារជាតិគីមីអាហារនេះ។

ជាក់ស្តែងជាផ្នែកមួយ នៃការបង្ក្រាបទប់ស្កាត់ផលិតផល ដែលបង្កគ្រោះថ្នាក់នេះ ក្រុមមន្ត្រីគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃអង្គភាពកាំកុងត្រូលផែស្ងួតចុងទីបានចុះពិនិត្យ និងចម្រេចបិទទីតាំងសិប្បកម្មទឹកម្ទេសមួយកន្លែងស្ថិតនៅ ដីឡូលេខ ៣៤៤ផ្លូវ ១០១៩ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយក្រុមសមត្ថកិច្ចជំនាញពិនិត្យឃើញថា ពុំមានច្បាប់ និងផលិតផលគ្មានគុណភាព។ នេះបើតាមអាជ្ញាធរខណ្ឌសែនសុខ​ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ។

ទោះជាគណៈកម្មាធិការជំនាញបានបិទ ប៉ុន្តែប្រភពពីពលរដ្ឋបានប្រាប់ថា សិប្បកម្មដែលអាងមន្ត្រីធំ នៅពីក្រោយមួយនេះ បិទពេលព្រឹក គឺនៅពេលសមត្ថកិច្ចជំនាញទៅដល់ ហើយពេលល្ងាចបើកដំណើរការផលិតជាធម្មតាវិញ៕