(ភ្នំពេញ)​៖ ក្រោយ​ការ​សួរ​ដេញដោល​ ក្រោម​ការ​យាម​យ៉ាង​តឹងរ៉ឹង​ពី​កម្លាំង​សមត្ថកិច្ច​នោះ​ លោក​ ឃឹម​ ប៉ុណ្ណ​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល​ នៅ​ថ្ងៃទី​៣១​ ខែ​តុលា​ ឆ្នាំ​២០១៧​នេះ​ បានសម្រេច​តម្កល់​សាលដីកា​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ ទុក​ជា​បាន​ការ​ដដែល​ ពោលគឺ​ បន្ត​ឃុំ​ខ្លួន​លោក​ កឹម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​ពន្ធនាគារ​ ដែល​បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ​។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​មេធាវី​ សំ​ សុគង់​ ថ្លែង​ប្រាប់បណ្តាញសារព័ត៌មាន Fresh News មុន​នេះ​បន្តិច​។

សូមរំលឹកថា តុលាការកំពូលនៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ បានបើកសវនាការជំនុំជម្រះទោសក្បត់ជាតិរបស់លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ។ សវនាការនេះធ្វើឡើងតាមបណ្តឹងរបស់ក្រុមមេធាវីរបស់លោក កឹម សុខា ដែលបានប្តឹងប្រឆាំងនឹងដីការសម្រេចឃុំខ្លួនរបស់ចៅក្រមស៉ើបសួរសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅនេះ។

សវនាការនាព្រឹកថ្ងៃនេះ មិនមានវត្តមានរបស់លោក កឹម សុខា ជាជនជាប់ចោទនោះឡើយ។ សវនាការនេះ​ដឹកនាំ​ដោយ​លោក​ ឃឹម​ ប៉ុណ្ណ​ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ និង​លោក​ អ៊ុក​ គឹម​សិទ្ធិ​ អគ្គ​ព្រះ​រាជ​អាជ្ញា​រង​ជា​តំណាង​មហា​អយ្យការ​។​

ជាការកត់សម្គាល់សវនាការជំនុំជម្រះក្តីរបស់មេបក្សប្រឆាំងនៅព្រឹកនេះ មានការយាមកាមយ៉ាងតឹងរឹងពីកងកម្លាំងសមត្ថកិច្ចនៅជុំវិញបរិវេណតុលាការកំពូល ក្នុងនោះផ្លូវឆ្លងកាត់ទៅកន្លែងតុលាការកំពូលក៏ត្រូវបានបិទផងដែរ។ គេក៏សង្កេតឃើញមានអ្នកតំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ និងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិមួយចំនួនបានទៅក្បែរតុលាការកំពូលផងដែរ តែមិនត្រូវបានអនុញ្ញាតឲ្យចូលរួមសវនាការនោះឡើយ។

សូមបញ្ជាក់ថា កាល​ពី​ថ្ងៃ​ទី​០៦​ ខែ​កញ្ញា​ ឆ្នាំ​២០១៧​កន្លងទៅ លោក កឹម សុខា ត្រូវបានលោក​ គី​ ឫទ្ធី​ ចៅក្រម​ស៊ើបសួរ​ និង​ជា​អនុ​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ចេញ​ដីកា​ឃុំ​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ដោយ​​ចោទ​ប្រកាន់​ពី​​បទ​ «ក្បត់​ជាតិ​» ដែល​អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​១៥ឆ្នាំ ​ទៅ​៣០ឆ្នាំ​។​ សេចក្តី​ថ្លែង​ការណ៍​របស់​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បង្ហាញ​ថា​ លោក​ កឹម​ សុខា​ ជាប់​ចោទប្រកាន់​ពី​បទ​ «សន្និដ្ឋិភាព​ជាមួយ​បរទេស​» តាម​មាត្រា​៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ​។

ក្រោយការសម្រេចរបស់សាលាដំបូងក្រុមមេធាវីរបស់លោក កឹម សុខា ក៏បានប្តឹងប្រឆាំងការសម្រេចនេះទៅសាលាឧទ្ធរណ៍ ហើយត្រូវបានសាលាឧទ្ធរណ៍បើកសវនាការជំនុំជម្រះក្តីកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧កន្លងទៅ ដោយសម្រេច​តម្កល់​ការ​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ទុក​ជា​បាន​ការ​ និង​បន្ត​ឃុំ​ខ្លួន​លោក​ កឹម​ សុខា​ ក្នុង​ពន្ធនាគារ​ផងដែរ​៕