(ស្ទឹងត្រែង)៖ ពិធីប្រណាំងទូក-ង ដែលបានរៀបចំឡើងជាលើកដំបូងនៅក្នុងខេត្តស្ទឹងត្រែង បានបិទបញ្ចប់ហើយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ម្សិលមិញនេះ ជាមួយការនាំមកនូវភាពសប្បាយរីករាយយ៉ាងក្រៃលែងជូនប្រជាពលរដ្ឋនៅក្នុងខេត្តទាំងមូល។

ពិធីប្រណាំងទូក-ង ថ្នាក់ខេត្ត ដែលបានរៀបចំឡើងរយៈពេលពីរថ្ងៃអមជាមួយកម្មវិធីកីឡាផ្សេងៗមួយចំនួនទៀតនោះ ត្រូវបានបងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងចាត់ទុកថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសម្រាប់ខេត្ត ព្រោះកន្លងមកពុំធ្លាប់មានពិធីប្រណាំងទូក-ង ថ្នាក់ខេត្ត ធំបែបនេះឡើយ។ ព្រឹត្តិការប្រណាំងទូក-ង ដែលធ្វើឡើងក្រោមការផ្តួចផ្តើមរបស់លោក ឡូយ សុផាត អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង និងលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បាន ធ្វើឲ្យប្រជាពលរដ្ឋគ្រប់ជនជាតិនៅក្នុងខេត្ត អបអរសាទរ សប្បាយរីករាយ និងសំណូមពរឲ្យមានការរៀបចំពិធីប្រណាំងទូក-ង នេះនៅឆ្នាំក្រោយៗទៀត។

នៅក្នុងថ្ងៃបញ្ចប់នៃពិធីលោក ឡូយ សុផាត លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងលោក ញ៉ែម សាម៉ន ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ព្រមទាំងថ្នាក់ដឹកនាំខេត្តជាច្រើនរូបទៀត បានអញ្ជើញជាអធិបតីភាព និងប្រគល់រង្វាន់ជូនដល់ទូក-ង ដែលបានចូលរួមប្រណាំងប្រជែង មានដូចជា៖
- ចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះ “សៀមបូកសែនជ័យបារមីតេជោ” មកពីស្រុកសៀមបូក ទទួលបានថវិកា ៥០០.០០០រៀល, ស្រាបៀរ ០៣កេស, មី ២កេស ព្រមទាំងថវិកាឧបត្ថម្ភពីសប្បុរសជនមួយចំនួនទៀត។
- ចំណាក់ថ្នាក់លេខ២ បានទៅលើទូកឈ្មោះ “ពោធិជ័យបារមីនាងខៀវ” មកពីស្រុកសៀមប៉ាង ទទួលបានថវិកា ៤០០.០០០រៀល, ស្រាបៀរ ០៣កេស, មី ២កេស ព្រមទាំងថវិកាឧបត្ថម្ភពីសប្បុរសជនមួយចំនួនទៀត។
- ចំណាក់ថ្នាក់លេខ៣ បានទៅលើទូកឈ្មោះ “ថាឡាសែនជ័យបារមីព្រះគោ” មកពីស្រុកថាឡាបរិវ៉ាត់ ទទួលបានថវិកា ៣០០.០០០រៀល, ស្រាបៀរ ០៣កេស, មី ២កេស ព្រមទាំងថវិកាឧបត្ថម្ភពីសប្បុរសជនមួយចំនួនទៀត។

ចំណែកឯទូក-ង ចំនួន៥ទៀតដែលមិនជាប់ចំណាត់ថ្នាក់ ទទួលបានរង្វាន់កិត្តិយសជា ថវិកា ២០០.០០០រៀល, ស្របៀរ ០១កេស, មី ០១កេស ព្រមទាំងថវិកាឧបត្ថម្ភពីសប្បុរសជនមួយចំនួនទៀត៕