(បាត់ដំបង-បន្ទាយមានជ័យ)៖ ក្នុងសន្និសីទចែករំលែកបទពិសោធន៍ជីវិតដល់និស្សិត ដែលធ្វើឡើងក្រោមប្រធានបទ «អនាគតរបស់អ្នក កសាងឡើងពីសកម្មភាពប្រចាំថ្ងៃរបស់អ្នក» លោក ស្តើង សុខុម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) បាន ថ្លែងថា សកម្មភាពនាពេលបច្ចុប្បន្នរបស់មនុស្សគ្រប់រូប គឺជាការឆ្ពោះទៅសម្រេចនូវលទ្ធផល នាពេលអនាគតរបស់ពួកគេ។ ដូច្នេះមនុស្សគ្រប់រូបត្រូវគិតគូរឲ្យបានល្អិតល្អន់ និងប្រែងឲ្យបានខ្ពស់បំផុតចំពោះសកម្មភាពនាពេលបច្ចុប្បន្ន ដើម្បីឈានទៅទទួលបានលទ្ធផលដ៏ល្អប្រសើរក្នុងថ្ងៃអនាគត។

ក្នុងសន្និសីទដែលមាននិស្សិតកំពុងសិក្សាក្នុងសាកលវិទ្យាល័យ CUS សាខាខេត្តបាត់ដំបង និងបន្ទាយមានជ័យជាច្រើនរយនាក់ លោកបណ្ឌិត ស្តើង សុខុម បានថ្លែងថា «អនាគតរបស់អ្នកផ្តើមចេញពីសកម្មភាពប្រចាំថ្ងៃ នឹងជួយឲ្យអ្នកកំណត់បានគោលដៅជាក់លាក់ ដើម្បីធ្វើឲ្យសម្រេចបានគោលបំណង ឬសុបិនរបស់យើងម្នាក់ៗ ការសិក្សានាំឲ្យយើងយល់ដឹងអំពីការងារដែលខ្លួន បានធ្វើតាំងពីអតីតកាល បច្ចុប្បន្ន និងអនាគត»

លោក ស្តើង សុខុម បានរំលឹកដល់និស្សិតឲ្យចេះបណ្តុះគំនិតដែ ដើម្បីឈានទៅសម្រេចគោលដៅរបស់ខ្លួន ហើយប្រសិនបើមានបញ្ហាប្រឈមចំពោះមុខត្រូវចេះរកដំណោះស្រាយ ចេះស្វែងយល់អំពីដំណើរការផ្សេងៗ ពីអាជីវកម្ម អំពីសង្គម និងអំពីគូរប្រកួតប្រជែងធ្វើឲ្យបានយល់ដឹងអំពីចំណេះវិជ្ជា បច្ចេកវិទ្យាថ្មីៗទទួលបាននូវទិន្នន័យព័ត៌មានដែលមានសារសំខាន់។

ក្នុងសន្និសីទនោះនៅមានវាគ្មិនជាច្រើនទៀត បានរួមគ្នាចែករំលែកបទពិសោធន៍ និងចំណេះដឹងទៅដល់និស្សិត។ លោកបណ្ឌិត សឿ យ៉ាន ក្នុងបទបង្ហាញពី «គន្លឹះជោគជ័យក្នុងការសិក្សា និងការអភិវឌ្ឍខ្លួនសម្រាប់យុវជន» បានលើកឡើងថា មនុស្សគឺជាទ្រព្យ មានមនុស្សដែលមានសមត្ថភាពវិជ្ជាជីវៈ បុគ្គលិកលក្ខណសម្បត្តិល្អមានន័យថាមានទ្រព្យ ជាប់នឹងខ្លួន។ លោកបានសង្កត់ធ្ងន់ថា ការសិក្សាថ្នាក់ឧត្តមសិក្សាគឺជាការបណ្តាក់ទុន និងជាស្ពានសម្រាប់កសាងអនា គតរបស់ខ្លួន ដូចនេះការសិក្សាពិតជានឹងជួយឲ្យខ្លួនឯងអាចសម្រេចបានអនាគត និងជីវភាពរស់នៅដ៏ប្រសើរ។

លោក ព្រេម ប៉ូឡូ នាយកសាខាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករខេត្តបាត់ដំបង បានធ្វើបទឧទ្ទេសនាម «ហត្ថាកសិករ ឱកាសការងារ និងបញ្ហាប្រឈម»។ លោក លើកឡើងអំពីវឌ្ឍនភាពរបស់ហត្ថាកសិករ ផលិតផលនិងសេវាកម្ម រចនាសម្ព័ន្ធគ្រប់គ្រង ធនធានមនុស្ស និងឱកាសការងារដែលហត្ថាកសិករផ្តល់ជូន។ ដោយឡែកអត្ថប្រយោជន៍សម្រាប់មុខតំណែងផ្សេងៗទៅតាមលទ្ធផលនិងមានផ្តល់ការហ្វឹកហ្វឺនជាប្រចាំទៅលើការអប់រំផ្លូវកាយ និងផ្លូវចិត្តដើម្បីក្លាយជាពលរដ្ឋល្អក្នុងសង្គម។

លោកបានបញ្ជាក់បន្ថែមទៀតថា ដើម្បីជៀសបាននូវការប្រឈមអំពីការងារនិស្សិត សូមកុំភ្លេចនូវមូលដ្ឋានគ្រឹះមកពីក្រោមនឹងផ្សារភ្ជាប់ការសិក្សានៅសាកលវិទ្យាល័យ ព្រមទាំងមានកម្រឹតវិជ្ជាជីវៈរឹងមំានោះ ឱកាសការងារដ៏ច្រើននឹងរង់ចាំអ្នក។

ចំណែកលោកបណ្ឌិត កែវ ជា ក្នុងបទបង្ហាញក្រោមប្រធានបទ «សិក្សានៅឧត្តមសិក្សាដើម្បីក្លាយជាអ្នកវិជ្ជាជីវៈឆ្នើម» បានលើកឡើងថា និស្សិតត្រូវតែខិតខំព្យាយាមយកចិត្តទុកដាក់ប្រឹងប្រែងសិក្សាពីទ្រឹស្ដី ការអនុវត្ដ បទពិសោធពីមួយថ្ងៃទៅមួយថ្ងៃ និងមានមូលដ្ឋានចំណេះដឹងខ្ពស់ និស្សិតនិងក្លាយជាបុគ្គលឆ្នើម ហើយការងារមានប្រៀបជាងអ្នកដទៃ។

លោកបន្តថា ប្រការនេះនិសិ្សតត្រូវយកចិត្តទុកដាក់ខំរៀនមុខវិជ្ជាជំនាញ ដែលសាកលវិទ្យាល័យបានដាក់ឲ្យសិក្សាបន្ថែម។ ការធ្វើបែបនេះនិស្សិតនឹងប្រែកា្លយទៅជាអ្នកមានចំណេះដឹង ជាបញ្ញវន្តមានសមត្ថភាព និងទេពកោសល្យខ្ពស់ មានសីលធម៌ មានការទទួលខុសត្រូវខ្ពស់ មានភាពស្មោះត្រង់ និងកិរិយាមាយាទល្អ ជាបុគ្គលមានផែនការគ្រប់គ្រង មានយុទ្ធសាស្ត្រចេះវិភាគ និងរកដំណោះស្រាយរាល់បញ្ហាដែលកើតឡើង​ ដើម្បីឈានដល់ភាពជោគជ័យរបស់ខ្លួន និងស្ថាប័ន៕