(ភ្នំពេញ)៖ វិវាទពាណិជ្ជកម្មចំនួន២ករណី រួមមានសំណុំរឿងមជ្ឈត្ដកម្មលេខ០០២ និងសំណុំរឿងមជ្ឈត្តកម្មលេខ០០៣ ត្រូវបានមជ្ឈមណ្ឌលជាតិ នៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ដែលហៅកាត់ថា ម.ជ.ម ដោះស្រាយបញ្ចប់ដោយជោគជ័យជាស្ថាពរ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់មជ្ឈមណ្ឌលជាតិ នៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា វេទិកាមជ្ឈត្តកម្មដែលត្រូវបានតែងតាំងស្របតាមវិធានស្ដីពី មជ្ឈត្តការរបស់ ម.ជ.ម និងបានចេញមជ្ឈត្តកម្មវិនិច្ឆ័យស្ថាពរ ចំនួនពីរដូចខាងក្រោម៖

១៖ សំណុំរឿងមជ្ឈត្តកម្មលេខ០០២ ត្រូវបានបញ្ជូនមក ម.ជ.ម កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦។ សំណុំរឿងនេះ គឺទាក់ទងនឹងវិវាទពាណិជ្ជកម្ម ដែលកើតឡើងពីការអនុវត្តកិច្ចសន្យាផ្គត់ផ្គង ដែលគ្រប់គ្រងដោយច្បាប់ នៃកម្ពុជា ដែលភាគីវិវាទគឺក្រុមហ៊ុន និងស្ថាប័នរដ្ឋ។

វេទិកាមជ្ឈត្តកម្មដែលមជ្ឈត្តករចំនួន៣រូប បានដឹកនាំដំណើរការវិតិវិធីមជ្ឈត្តការជាភាសាខ្មែរ។ ការជ្រើសរើសយន្ដការដោះស្រាយវិវាទតាមរយៈមជ្ឈត្តការដែលចាត់ចែងដោយ ម.ជ.ម មានចែងនៅក្នុងកិច្ចសន្យាដែលមានវិវាទ។

២៖​ សំណុំរឿងមជ្ឈត្តកម្មលេខ០០៣ ត្រូវបានបញ្ជូនមក ម.ជ.ម កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦។ សំណុំរឿងនេះ គឺទាក់ទងនឹងវិវាទពាណិជ្ជកម្ម ដែលកើតឡើងពីការ អនុវត្តកិច្ចសន្យាសាងសង់ ដែលគ្រប់គ្រងដោយច្បាប់នៃកម្ពុជា។ ការជ្រើសរើសយន្ដការដោះស្រាយវិវាទតាមរយៈមជ្ឈត្តការ ដែលចាត់ចែងដោយ ម.ជ.ម មានចែងនៅក្នុងកិច្ចសន្យាដែលមានវិវាទ។

ភាគីវិវាទគឺក្រុមហ៊ុនខ្មែរ និងក្រុមហ៊ុនបរទេស។ វេទិការមជ្ឈត្តកម្មដែលមជ្ឈត្តករចំនួន ៣រូប បានដឹកនាំដំណើរការនីតិវិធីមជ្ឈត្តការជាភាសាអង់គ្លេស ដែលជាភាសាមួយ ដែលជ្រើសរើសដោយភាគីវិវាទ។ មជ្ឈត្តវិនិច្ឆ័យ ក៏ត្រូវបានធ្វើឡើងជាភាសាអង់គ្លេសផងដែរ។ នៅក្នុងអំឡុងពេលនៃដំណើរការនីតិវិធី វេទិកាមជ្ឈត្តកម្មក៏បានចេញវិធានការបណ្ដោះអាសន្នតាមការស្នើសុំពីភាគីមួយនៃវិវាទផងដែរ។ បច្ចុប្បន្ន សំណុំរឿងក្ដីមជ្ឈត្តកម្ម០០៤ បាននឹងកំពុងដំណើរការតាមវិធាន ម.ជ.ម ផងដែរ៕

ព័ត៌មានលម្អិតសូមអានក្នុងសេចក្ដីប្រកាសព័ត៌មាន របស់មជ្ឈមណ្ឌលជាតិ នៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម នៅខាងក្រោមនេះ៖