(ភ្នំពេញ)៖ ស្របពេលអតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានចេញមកចោទដោយត្រង់ៗថា លោក ម៉ៅ មុនីវណ្ណ ជាជនក្បត់បក្សដោយស្តាប់ តាមការបង្គាប់បញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា ហើយចោទថា លោក ម៉ៅ មុនីវណ្ណ កំពុងធ្វើបក្សប្រហារផងដែរ។

តាមរយៈវីដេអូឃ្លីបពីទីក្រុងរ៉ូម ប្រទេសអ៉ីតាលី ដែលបង្ហោះនៅលើទំព័រ Facebook នាព្រលប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ លោក សម រង្ស៊ី បានថ្លែងគូស បញ្ជាក់យ៉ាងដូច្នេះ «ឥឡូវមានអ្នកចេញមុខ ធ្វើតាមការណែនាំ និងការបញ្ជារបស់លោក ហ៊ុន សែន របស់គណបក្សប្រជាជនកម្ពុជា គឺលោក ម៉ៅ មុនីវណ្ណ។ លោក ម៉ៅ មុនីវណ្ណ គាត់ចេញមុខដើរទាក់ទងគេឲ្យទៅតាមគាត់ព្រោះគាត់ប្រកាសថា តិចទៀតគេដូរថ្នាក់ដឹកនាំកំពូលរបស់គណបក្សសង្រ្គោះជាតិហើយ គាត់ចង់មកធ្វើជាថ្នាក់ដឹកនាំជំនួសលោក កឹម សុខា ជំនួសអ្នកស្មោះត្រង់ដូច្នេះនេះជាអំពើក្បត់ ក្បត់ដ៏ថោកទាបដែលកូនខ្មែរទាំងអស់ កូនខ្មែរដែលមានកិត្តិយស កូនខ្មែរដ៏ឆ្នើម កូនខ្មែរដ៏ថ្លៃថ្នូរ មិនអាចទទួលយកបាន»។ បន្ទាប់ពីលោក សម រង្ស៊ី បានចោទប្រកាន់ថា ជាជនក្បត់ជាតិនោះ លោក ម៉ៅ មុនីវណ្ណ បានឆ្លើយតបវិញ ដោយស្នើឲ្យលោក សម រង្ស៊ី ធ្វើការពិចារណា ឬក៏អាចសួរជាមុនសិន មុននឹងចោទរូបលោកថាជាជនក្បត់បក្ស។

ការចោទប្រកាន់លោក ម៉ៅ មុនីវណ្ណ នេះ ត្រូវបានលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានចេញមុខអះអាងថា នេះជាសេណារយោពិតមួយ ដែលលោក សម រង្ស៊ី កំពុងប្រើយុទ្ធសាស្រ្តវាយកម្ទេចក្រុមរបស់លោក កឹម សុខា ខណៈប្រធានបក្សកំពុងជាប់ពន្ធនាគារនៅត្រពាំងផ្លុង។ លោកអះអាងទៀតថា លោក សម រង្ស៊ី ពូកែណាស់អាខាងលាបពណ៌គេឯង ហើយឥឡូវនេះអស់អ្នកលាបពណ៌ទៅ គឺលោក សម រង្ស៊ី បែរកាណុងមកលាបពណ៌កូនចៅរបស់ខ្លួន។

លោក ពេជ្រ ស្រស់ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖ «សេណារយោពិតមួយបានលាតត្រដាងចេញមកហើយ គឺលោក សម រង្ស៊ី កំពុងប្រើយុទ្ធសាស្រ្តវាយកម្ទេចក្រុមរបស់លោក កឹម សុខា ក្រោយមកខ្លួននឹងទទួល បាននូវតំណែងធ្វើជាប្រធានគណបក្សប្រឆាំង នៅកម្ពុជាដដែល ខណៈប្រធានគណបក្សសង្រ្គោះជាតិកំពុងជាប់ពន្ធនាគារ។ អ្នកណាមិនគាំទ្រខ្លួនសុទ្ធតែគេអាយ៉ង និងជនអាក្រក់ទាំងអស់ នេះជាមាយាទលោក សម រង្ស៊ី មិនអាចកែប្រែបាននោះឡើយ»

«លោក សម រង្ស៊ី ពូកែណាស់អាខាងលាបពណ៌គេឯង ហើយឥឡូវនេះអស់អ្នកលាបពណ៌ទៅ គឺលោក សម រង្ស៊ី បែរកាណុងមកលាបពណ៌កូនចៅរបស់ខ្លួនដើម្បី ជាថ្នូរនឹង ការលើកលែងទោសពីលោកនាយករដ្ឋមន្រ្តី ដោយហេតុថា លោក សម រង្ស៊ី ចង់មកបន្តជីវិតនយោបាយឡើងវិញនៅកម្ពុជាប៉ុន្តែស្លាក់នឹងក្រុមលោក កឹម សុខា ប៉ុន្តែឥឡូវនេះជាឳកាសដ៏ល្អបំផុត ដើម្បីកម្ទេចក្រុមលោក កឹម សុខា ក្រោយមកអ្នកទោសម្នាក់នេះនឹងសរសេរលិខិតសុំទោសមួយទៅកាន់នាយករដ្ឋមន្រ្តី កម្ពុជា ដើម្បីស្នើសុំឲ្យលោកនាយករដ្ឋមន្រ្តីទូលព្រះមហាក្សត្រ លើកលែងទោសឲ្យខ្លួន ក្រោយមកលោក សម រង្ស៊ី នឹងសន្យាជាមួយនាយករដ្ឋមន្រ្តីថា ខ្លួននឹងឈប់ ដណ្តើមអំណាចពីលោក នាយករដ្ឋមន្រ្តីទៀតហើយ គឺសុំតែម្យ៉ាងគត់គឺធ្វើជាប្រធានបក្សប្រឆាំងស៊ីឈ្នួលតែប៉ុណ្ណោះ។ សូមអ្នកគាំទ្រ គណបក្សជិតរលាយ មេត្តាជួយជេរអ្នកទោស (សម រង្ស៊ី) គំនិតអាក្រក់មួយនេះផងទាន កុំផ្កាប់មុខរហូតដល់ឃើញលាមកក៏ថា មាសដែរនោះ» នេះជាការលើកឡើងបន្ថែមរបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ៕