(ព្រៃវែង)៖ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមពិធីសែនក្រុងពាលី និងបញ្ចុះបឋមសិលាកសាងអគាររដ្ឋបាលថ្មី របស់មន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង និងជួបសំណេះសំណាលជាមួយមន្ត្រី នៃមន្ទីរពាណិជ្ជកម្ម និងសាខាកាំកុងត្រូលខេត្តព្រៃវែង។ នៅក្នុងថ្ងៃតែមួយនេះដែរ លោករដ្ឋមន្ត្រី ក៏បានធ្វើដំណើរទៅខេត្តស្វាយរៀង ដើម្បីសួរសុខទុក្ខមន្ត្រីនៃមន្ទីរពាណិជ្ជកម្ម និងសាខាកាំកុងត្រូលដែលបំពេញការងារ នៅក្នុងខេត្តស្វាយរៀងផងដែរ។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីនៅខេត្តទាំងពីរ ឯកលោករដ្ឋមន្ត្រី បានជម្រាបជូនអំពីសមិទ្ធផលមួយចំនួន របស់ក្រសួងពាណិជ្ជកម្ម ដែលបានសម្រេចបានកន្លងមករួមមាន៖ ការអនុម័តរបស់ព្រឹទ្ធសភាលើសេចក្ដីព្រាងច្បាប់ឧបាស្រ័យពាណិជ្ជកម្ម ដែលចែងអំពីវិធានទប់ស្កាត់ការលក់បង្ខូចថ្លៃ ការឧបត្ថម្ភ​ធន និងការនាំចូលដោយគំហុក ដែលអាចបង្កឲ្យខូចឧស្សាហកម្មក្នុងស្រុក និងសេចក្ដីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ ពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងក្របខណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសាធារណរដ្ឋប្រជាមានិតចិន ដែលមានគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការ សមាហរណកម្មសេដ្ឋកិច្ចតំបន់អាស៊ាន ឲ្យកាន់តែស៊ីជំរៅជាមួយនឹងប្រទេសចិន តាមរយៈការបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន។

ជាមួយនេះដែរ លោក ប៉ាន សូរស័ក្តិ ក៏បានគូសបញ្ជាក់ពីជំហររបស់ក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងគាំពារសុខមាលភាព និងសិទ្ធិប្រជាជនដែលជាអ្នកប្រើប្រាស់ ក៏ដូចជាការពារការអនុវត្តសកម្មភាពធុរកិច្ចដោយមិនស្មោះត្រង់ តាមរយៈការរៀបចំសេចក្ដីព្រាងច្បាប់សំខាន់ៗដទៃទៀតដូចជា ច្បាប់ស្ដីពីចំណីអាហារ ច្បាប់ស្ដីពីការការពារអ្នកប្រើប្រាស់ និងច្បាប់ស្ដីពីការប្រកួតប្រជែង។

ក្រៅពីនេះទៀត លោករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តឲ្យមន្ត្រីទាំងអស់ប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ជាពិសេសជំនាញភាសាអង់គ្លេស និងជំនាញព័ត៌មានវិទ្យា ដើម្បីចូលរួមការងាររបស់ស្ថាប័នខ្លួនឲ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធិភាពខ្ពស់។

លោកបានរំលឹកទៀតថា ការប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាព និងបង្កើនធនធានមនុស្សនេះហើយ ដែលជាកត្តារួមផ្សំក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសចំណូលមធ្យមកម្រិតទាប និងអនុញ្ញាតឲ្យកម្ពុជាក្លាយខ្លួន ជាប្រធានសម្របសម្រួលប្រទេសអភិវឌ្ឍន៍តិចតួច នៅអង្គការពាណិជ្ជកម្មពិភពលោក។

សម្រាប់ការងារនៅពេលខាងមុខ លោករដ្ឋមន្ត្រី បានជម្រាបជូនពីកាតព្វកិច្ចសំខាន់មួយទៀត របស់ប្រទេសកម្ពុជា គឺការចូលរួមកិច្ចប្រជុំតាមដានគោលនយោបាយពាណិជ្ជកម្ម របស់អង្គការពាណិជ្ជកម្មពិភពលោក ដែលលោក នឹងដឹកនាំគណៈប្រតិភូអន្តរក្រសួងរបស់កម្ពុជា ចូលរួមនៅប្រទេសស្វីសនៅខែវិច្ឆិកាខាងមុខនេះ។ ការងារមួយទៀតគឺការចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី របស់អង្គការពាណិជ្ជកម្មពិភពលោក ដែលកម្ពុជានឹងដើរតួយ៉ាងសំខាន់ផងដែរ មិនត្រឹមតែក្នុងនាមប្រទេសកម្ពុជាខ្លួនឯងនោះទេ គឺជាតំណាងក្រុមប្រទេសអភិវឌ្ឍន៍តិចតួចផងដែរ។ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនេះ នឹងប្រព្រឹត្តទៅនៅប្រទេសអាហ្សង់ទីន នៅខែធ្នូខាងមុខនេះ៕