(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា ចំពោះស្ថានភាពផ្លូវទាំងឡាយ ដែលរងការខូចខាតនូវមួយអន្លើ ដោយសារជុំនន់ទឹកភ្លៀងនារដូវវស្សា កើតមានជាជង្ហុគតូចធំ «សំបុកមាន់» នូវទូទាំងភូមិសាស្ត្រខណ្ឌឫស្សីកែវ ត្រូវបានធ្វើការជួសជុលសម្រេចជោគជ័យជាបន្តបន្ទាប់ ដោយមិនឲ្យមានរងការខូចខាតធ្ងន់ធ្ងរនោះទេ គឺដើម្បីឲ្យប្រជាពលរដ្ឋមានភាពងាយស្រួលធ្វើដំណើរ ក៍ដូចជាកាត់បន្ថយអាត្រាគ្រោះថ្នាក់ចរាចរផ្សេងៗ អាចកើតមានឡើងជាយថាហេតុ។

លោក ជា ពិសី បានបញ្ជាក់យ៉ាងដូច្នេះ ក្រោយពីទទួលបានសំណូមពរពីប្រជាពលរដ្ឋជាច្រើនគ្រួសារ ដើម្បីដឹកនាំ សមាជិកយុវជនបក្សខណ្ឌ-សង្កាត់-ភូមិ និងប្រជាការពារសហការធ្វើការដោះស្រាយ ជួសជុលជង្ហុគតូចធំជាច្រើនកន្លែង និងឈូសដីទួលលើផ្លូវបេតុងចេញ «ដោយប្រើប្រាស់ធន់ធានផ្ទាល់ខ្លួន» ដើម្បីចាក់បេតុងជាថ្មីឡើងវិញ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុងក្រុម១ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

ក្នុងសកម្មភាពជួសជុលផ្លូវ ខាងលើនេះ លោក ជា ពិសី បានថ្លែងថា ដោយមើលឃើញជាក់ស្ដែងពីស្ថានភាពផ្លូវមានជង្ហុគតូចធំ ជាសំបុកមាន់ច្រើន ពិសេសប្រជាពលរដ្ឋបានសំណូមពរមកអាជ្ញាធរ ដើម្បីធ្វើការជួសជុលឡើងវិញ មានភាពងាយស្រួលធ្វើដំណើរចេញ-ចូលគ្រប់មធ្យោបាយ រួមនិងអាចកាត់បន្ថយបានទាំងគ្រោះថ្នាក់ចរាចរ ដែលអាចកើតមានឡើងដោយយថាហេតុផ្សេងៗ ក្នុងការចំណាយនូវធន់ធានផ្ទាល់ខ្លួននេះ ពិតជាមិនតិចទេ ហើយក៏មិនច្រើនដែរ តែជាសេវាតម្រូវការដ៏ចាំបាច់ចំពោះមុខមួយ ដាច់ខាត ត្រូវតែដោះស្រាយសំណូមពរ «ធ្វើឲ្យបាន ធ្វើឲ្យលឿន ធ្វើឲ្យមានតម្លាភាព» តាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីឲ្យស្របទៅតាមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន «សូមកុំធ្វើជាមន្ត្រីជើង១០» បានន័យថា «ជើងតុ៤ ជើងកៅអី៤ និងជើងយើង២» ដោយ១ថ្ងៃៗអង្គុយនៅតែក្នុងប៉ារ៉ូម៉ាស៉ីនត្រជាក់ប៉ុណ្ណោះ៕