(ស្ទឹងត្រែង)៖ សាលាខេត្តស្ទឹងត្រែងនៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧នេះ បានបើកការប្រណាំងទូក-ង ចំនួន៤គូ ដើម្បីនាំភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ។

ការរៀបចំពិធីប្រណាំងទូកងនេះ គឺជាលើកទី១ហើយសម្រាប់ខេត្តស្ទឹងត្រែង។ ពិធីប្រណាំងទូកងនាព្រឹកមិញនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ឡូយ សុផាត អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងលោក ញ៉ែម សាម៉ន ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង។

ក្រៅពីពិធីប្រណាំងទូកហើយ ក៏មានកម្មវិធីប្រណាំងកង់, ប្រណាំងកង់យឺត, រត់ប្រណាំងជាគូរ និងមានការសម្តែងសិល្បៈនៅពេលរាត្រីផងដែរ។ ក្នុងពិធីនេះគេសង្កេតឃើញមានការចូលរួមទស្សនា និងលេងកម្សាន្តយ៉ាងច្រើនកុះករពីប្រជាពលរដ្ឋនៅក្នុងខេត្ត។

សូមបញ្ជាក់ថា ទូក-ង ដែលចូលរួមប្រកួតមានចំនួន៨ ទូកមកពីគ្រប់បណ្តាក្រុង ស្រុក នៃខេត្តស្ទឹងត្រែង៖
១. ស្ទឹងត្រែងសែនជ័យបារមីព្រះអង្គធំ (សាលាខេត្តស្ទឹងត្រែង)
២. ស្ទឹងត្រែងក្រុងសែនជ័យបរមីព្រះគង្គា (ក្រុងស្ទឹងត្រែង)
៣. ថាឡាសែនជ័យបរមីព្រះគោ (ស្រុកថាឡាបររិវ៉ាត់)
៤. សៀមបូកសែនជ័យបរមីតេជោ (ស្រុកសៀមបូក)
៥. ពោធិជ័យបរមីនាងខៀវ (ស្រុកសៀមប៉ាង)
៦. អូរអាឡៃសែនជ័យបរមីតេជោ (ស្រុកសៀមប៉ាង)
៧. សេសានសែនជ័យបរមីប្រាសាទគូ (ស្រុកសេសាន)
៨. នាងខ្មៅមានរិទ្ធិបារមីកន្ទុយគោ (ក្រុងស្ទឹងត្រែង)៕