(ភ្នំពេញ)៖ អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត លោកសាស្ដ្រាចារ្យ ឈាង រ៉ា បានបញ្ជាក់ថា ដើម្បីដើរឆ្ពោះទៅអនាគតដែលមានការរីកចម្រើន និងតាមនិយាមឲ្យជឿនលឿននោះ យើងត្រូវសំឡឹងមើលទៅអតីតកាលឲ្យបានច្បាស់ថា យើងត្រូវធ្វើអ្វី​ហើយបច្ចុប្បន្នកាលនេះ យើងកំពុងតែមានការប្រឈមអ្វីខ្លះ ដើម្បីសម្រេចបានទៅអនាគត ដែលយើងនិយាយសំខាន់ពីធនធានមនុស្ស។

ការថ្លែងបែបនេះ របស់អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ធ្វើឡើងនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំមន្ទីរពេទ្យ នៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង នៅតំបន់អាស៊ីអាគ្នេយ៍ ស្តីពីការគ្រប់គ្រងធនធានមនុស្ស​មន្ទីរពេទ្យ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧នេះ​។

​លោកសាស្រ្តាចារ្យ ឈាង រ៉ា បានលើកឡើងថា ជាឱកាសដ៏ពិសេសមួយដែលប្រទេសកម្ពុជា​ជាម្ចាស់ផ្ទះ នៃការធ្វើសិក្ខាសាលាថ្នាក់ជាតិមួយ ដែលមានភាគីបារាំងបានផ្តល់កិច្ចសហប្រតិបត្តិការជាគំនិតនៃវគ្គនេះ ដែលមានការចូលរួមពីក្រុមគ្រូពេទ្យ នៃប្រទេសកម្ពុជា ដែលមានថ្នាក់ដឹកនាំមន្ទីរពេទ្យសំខាន់ៗ និងនាយកមន្ទីរពេទ្យ នៃប្រទេសវៀតណាម និងឡាវជាមិត្ត ដើម្បីផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក នូវបទពិសោធន៍ពីមន្ទីរពេទ្យប្រទេសបារាំង យើងនឹងត្រៀមធ្វើឲ្យបានប្រសើរជាងនេះទៅអនាគត។

​អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានបន្តទៀតថា ហេតុផលដែលត្រូវគ្រប់គ្រងជាសកលនោះ យើងត្រូវប្រមើលមើល និងគិតទុកជាមុនដើម្បីសម្របខ្លួនទៅនឹងការប្រែប្រួល ឬស្វែងរកប្រសិទ្ធភាព នៃការរៀបចំគុណភាពនៃការថែទាំ ដែលផ្តល់ជូនដើម្បីឈានទៅដល់ការអនុវត្តរួម និងការបង្កើតវិធីសាស្រ្ត និងទាំងឧបករណ៍ដើម្បីកុំឲ្យវិធីសាស្រ្ត ដែលយើងបង្កើតនោះវាខុសពីភាពជាក់ស្តែង។

ជាពិសេសពិធីនេះ ពុំអាចមានធាតុទាំងអស់នោះទេ ពីព្រោះរាល់ការសម្រេចចិត្ត ត្រូវតែធ្វើស្របតាមគោលនយោបាយជាតិ របស់ក្រសួងសុខាភិបាល ប៉ុន្តែតាមទម្លាប់​មិនរង់ចាំឲ្យដាក់ឧបករណ៍ ហើយបានរៀបចំអនុវត្តនោះទេ គឺត្រូវរកមធ្យោបាយឲ្យមានការរីកចម្រើនជឿនលឿន ការឆ្លើយតបទៅនឹងការរំពឹងទុក អ្នកជំងឺក្នុងកាលៈទេសៈ ដែលបច្ចេកវិទ្យាវិទ្យាសាស្រ្តកំពុងវិវត្តន៍យ៉ាងលឿន និងមានការប្រកួតប្រជែងពីផ្នែកឯកជន ដែលកំពុងដើរទៅមុខយ៉ាងលឿន និងពុំមានការរាំងស្ទះពីផ្នែករដ្ឋ។

អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់ទៀតថា នៅប្រទេសបារាំង ការគ្រប់គ្រប់គ្រងធនធានមនុស្ស ជាការចាំបាច់រួចទៅហើយ ចំណែកនៅប្រ​ទេសកម្ពុជាវិញមិនទាន់មាននោះទេ ប៉ុន្តែមិនត្រូវចាំរហូតដល់មានបានចាប់ផ្តើមគិតនោះទេ ព្រោះវាជារឿងគុណភាព និងប្រសិទ្ធភាពដែលយើងត្រូវតែធ្វើ។

ជាមួយគ្នានោះ ​លោកសាស្រ្តាចារ្យ ឈាង រ៉ា ក៏បានថ្លែងអំណរគុណ ដ​ល់គណៈប្រតិភូឡាវ និងវៀតណាម និងសហភាគីទាំងអស់ដែលអញ្ជើញមកពីស្ថាប័​នផ្សេងៗប្រចាំ​កម្ពុជា ហើយលោកសង្ឃឹមថាសិក្ខាសាលានេះ នឹ​ងទទួលបានជោគជ័យ៕​