(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលរងខេត្ត ដាស់តឿនដល់សិស្សានុសិស្សទូទាំងខេត្តប៉ៃលិន ឲ្យខិតខំសិក្សារៀនសូត្រក្រេបយកចំណេះវិជ្ជា ចេះស្រឡាញ់ខ្លួន​ឯង ស្រឡាញ់ឪពុកម្តាយ ចៀសឲ្យឆ្ងាយពីគ្រឿងញៀន គោរពច្បាប់រដ្ឋ និងចៀសឲ្យឆ្ងាយរឿងអបាយមុខទាំងឡាយដែល សង្គមស្អប់ខ្ពើម។

លោក ផាន់ ចាន់ធុល ថ្លែងបែបនេះ ក្នុងឱកាសលោកអញ្ជើញជាអធិបតីក្នុងពីបើកបវេសនកាល ឆ្នាំសិក្សាឆ្នាំ២០១៧ ដល់ឆ្នាំ២០១៨ នៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧នេះ ដោយមានការចូលរួមពីសំណាក់លោក ឡី ​ចាន់​ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ជើញ​ចួលរួមពីសំណាក់​ប្រធាន អនុប្រធានមន្ទីរអង្គភាពស្ថាប័នជំវិញខេត្ត លោកគ្រូ អ្នកគ្រូ មាតា​បិតា សិស្សា​នុសិស្សសរុប​ចំនួន១៨០០នាក់ផងដែរ។​

លោក ​ផាន់ ចាន់ធុល បានបញ្ជាក់ថា ការប្រារព្ធបើកបវេសនកាលជារៀងរាល់​ឆ្នាំនេះក្នុងបុព្វ​ហេតុលើក​តម្កើងវប្បធម៌ស្រសាញ់ការសិក្សារៀនសូត្រ រំលឹកដល់ក្មួយៗ សិស្សានុសិស្ស​ឲ្យ​បាន​យល់ថាចំណេះវិជ្ជា​គឺជាទ្រព្យដ៏មានតម្លៃសម្រាប់ជីវិតផ្ទាល់ខ្លួន និងជួយ​លើកតម្កើង​កិត្យានុភាព ភាពថ្លៃថ្នូរ​របស់មនុស្ស​ និងការរស់នៅប្រកបដោយសុខដុមរមនា ហើយកន្លង​មកថ្មីៗ នេះ​នៅខេ​ត្ត​ប៉ៃលិនក្មួយ​សិស្សានុសិស្ស​បានប្រឡង​មធ្យម​សិក្សាទុតិ​យភូមិបាន​និទ្ទេស A ចំនួនបី​ឆ្នាំជាប់គ្នាទាំងនេះ ហើយបញ្ជាក់ឲ្យ​ឃើញថា ការ​ខិតខំរៀន​សូត្រ​ជាផ្លូវមួយ សម្រាប់​បង្ហាញ នៃការទទួលលទ្ធផលល្អ និងរួមចំណែកគាំ​ទ្រកែទម្រង់ ​លើក​កម្ពស់វិស័យអប់រំ ឲ្យបានកាន់តែ​ល្អថែមទៀត។

ទន្ទឹម​នឹងនេះលោកក៏បាន រំលឹកដាស់​តឿន​ដល់​សិស្សា​នុ​សិស្សទាំងអស់ថា បើយើងស្រលាញ់ខ្លួន ស្រលាញ់ឪពុកម្តាយ​ និងស្រ​ឡាញ់អនាគត​ដ៏រុងរឿង គឺនៅឲ្យឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ឲ្យបាន​ខ្ជាប់ខ្ជួន​ដើម្បីធានាបាននូវសុវត្តិភាព រក្សាបាននូវសេចក្តីថ្លៃថ្នូរដល់សង្គមជាតិ​យើងទាំង​មូលហើយមាតា បិតា សហគមន៍ និងអាជ្ញាធរដែនដីគ្រប់​លំដាប់ថ្នាក់ត្រូវចូលរួម​អោយ​ស​កម្ម ក្នុងការជួយអប់រំ​កូនចៅឲ្យបានល្អទាំង ផ្នែកអនាម័យសុខភាព ចំណេះដឹង និង​សី​ល​​​ធម៌ពិសេសលើកទឹកចិត្តកូនចៅឲ្យមកសាលារៀន ​និងប្រឹងរៀន​សូត្រគោរព​វិន័យ ស្តា​ប់​​​លោកគ្រូ អ្នកគ្រូ និងតាមដានការសិក្សាជាប្រ​ចាំដោយសហការជាមួយ​សាលារៀន។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ការពង្រឹងគុណភាពអប់រំ ស្របពេលដែលពេលវិស័យអប់រំ កំពុងធ្វើកំណែទម្រង់ស៊ីជំរៅ​ក្រោម​ការ​ដឹក​នាំ​របស់​​សម្តេច​តេជោ សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានចាត់​ទុក​វិស័យ​អប់​រំជា​វិស័យ​អទិភាព ដោយ​បាន​កសាងសាលារៀន នៅគ្រប់កម្រិត ចាប់តាំពីទីប្រជុំជនរហូតដល់មូលដ្ឋានជនបទក្នុងការរួមចំណែក បណ្តុះ​បណ្តាលធនធានមនុស្សប្រកប​ដោយគុណភាព ទេព​កោសល្យ ផលិតភាព សក្តានុពល មានសីលធម៌ និងមានសមត្ថភាពគ្រប់គ្រាន់ សំរាប់បន្ត​វេនក្នុងការ​កសាងអភិវឌ្ឍន៍​ប្រទេស​ឲ្យបាន​រីក​ចំ​រើនឡើងជាលំដាប់។

ក្នុង​ឱកាស​នោះលោកអភិបាលរងខេត្តក៏បានឧបត្ថម្ភលោក​គ្រូអ្នកគ្រូចំនួន​១១៤​នាក់ ក្នុងម្នាក់ៗថវិកា២ម៉ឺន​រៀល ចំណែកសិស្សានុសិ​ស្សចំនួន១៨០០នាក់ម្នាក់ៗ ​​សៀវភៅ១​ក្បាល ប៊ិច១ដើមផងដែរ៕