(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯម កុសល បន្ដបញ្ជាកម្លាំងនគរបាលរបស់លោកឲ្យបើកប្រតិបត្តិការបង្ក្រាប បទល្មើសនេសាទខុសច្បាប់ នៅចំណុចព្រែកសាលាតាពុំ ក្នុងភូមិសាស្ដ្រឃុំព្រែកដំបូក ស្រុកស្រីសន្ធរ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថាប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧នេះ ដោយលោកបានបញ្ជា​អធិការនគរបាលស្រុកស្រីសន្ធរ ដឹកនាំកម្លាំងអធិការដ្ឋាន សហការជាមួយសមត្ថកិច្ចជលផលខេត្ត​។

លោកឧត្តមសេនីយ៍ត្រី ឯម កុសល បន្ថែមថា​លទ្ធផលនៃប្រតិបត្តិការនេះ ​កម្លាំងសមត្ថកិច្ចដកហូតបាន ឧបករណ៍រ៉ាវ និង​លូស្បៃមុង សរុបចំនួន​២៥មាត់, ស្បៃព្រួល ប្រវែង៥៨០ម៉ែត្រ, បង្គោលឬស្សី ចំនួន៣១០ដើម, ចាក់លែងកូនត្រីចម្រុះចំនួន៣៥គីឡូក្រាម។ ដោយឡែកចំពោះឧបករណ៍ វត្ថុតាងខាងលើ បានដុតបំផ្លាញចោល នៅនឹងកន្លែងតែម្ដង។

សូមជម្រាបថា ពាក់ព័ន្ធជាមួយប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនេះ ត្រូវបានលោកស្នងការ បញ្ជាឲ្យកម្លាំងនគរបាលរបស់លោកបង្ក្រាបបានជាបន្ដបន្ទាប់ ដោយដកហូតវត្ថុតាងបានយ៉ាងច្រើន និងបានប្រលែងកូនត្រីចម្រុះរាប់រយគីឡូក្រាមផងដែរ៕