(រតនគិរី)៖ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តនាព្រឹកថ្ងៃទី៣០ តុលា ឆ្នាំ២០១៧នេះ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានប្រាប់ទៅគណៈបញ្ជាការឯកភាពខេត្ត ក្រុង ស្រុក ត្រូវតែការពារឲ្យបានដាច់ខាតនូវសន្តិភាពនាពេលបច្ចុប្បន្ន ដែលរកបានមកដោយលំបាកក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

លោកអភិបាលខេត្តបន្ថែមថា «ជនឱកាសនិយមដែលព្យាយាមប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលតាមរយៈបដិវត្តន៍ពណ៌ បំផ្លាញការអភិវឌ្ឍ និងសេចក្តីសុខរបស់ប្រជាជាតិ មិនត្រូវលើកលែងឡើយ»។

លោក ថង សាវុន ក៏បានថ្លែងក្រើនរំលឹកឲ្យអង្គភាពទាំងអស់យកចិត្តទុកដាក់ឡើងវិញនូវការគោរពវិន័យ សីលធម៌ លើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពផងដែរ។ ទន្ទឹមនោះគណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ត្រូវពង្រឹងយកចិត្តទុកដាក់នូវបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ទាំងអស់ ពិសេសក្នុងឱកាសបុណ្យអ៊ុទូកនាពេលខាងមុខនេះ៕