(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ ដំណើរការធ្វើ បច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ មានប្រជាពលរដ្ឋទៅចុះឈ្មោះជិត ៤៦ម៉ឺននាក់ហើយ ខណៈអ្នកដែលត្រូវ លុបឈ្មោះចេញមានចំនួន ១០,៨៤៤នាក់ និងអ្នកខុសកែតម្រូវមានចំនួន ៤,៨០៣នាក់។

គ.ជ.ប បានឲ្យដឹងថា ដំណើរការបើកឲ្យចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៧ ខែតុលា​ ឆ្នាំ២០១៧ មានប្រជាពលរដ្ឋខ្មែរចំនួន ៤៥៩,១០១នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត ខណៈសល់១០ថ្ងៃទៀតការចុះឈ្មោះបោះឆ្នោតត្រូវបញ្ចប់។

តាមការប៉ាន់ស្មានរបស់ គ.ជ.ប ប្រជាពលរដ្ឋខ្មែរដែលត្រូវមកចុះបោះឆ្នោត ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានជាង១.៦លាននាក់ ខណៈប្រជាពលរដ្ឋខ្មែរដែលមានអាយុ១៨ឆ្នាំឡើងទៅ ត្រូវបានប៉ាន់ស្មានថា មានប្រមាណ៩.៨លាននាក់៕