(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បើកយុទ្ធនាការចែកមួកសុវត្ថិភាព ជូនប្រជាពលរដ្ឋ៥០០ និងអំពាវនាវ ឲ្យប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ ក្រោមប្រធានបទ «មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់» ដែលរៀបចំឡើងដោយមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ នៅសួនច្បារដំរី ជាន់ខ្លា ក្រុងស្ទឹងសែន ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧។

សព្វថ្ងៃនេះ គ្រោះថ្នាក់ចរាចរណ៍កំពុងតែជាក្តីព្រួយបារម្ភរបស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ការរឹតបណ្តឹង អនុវត្តច្បាប់ចរាចរផ្លូវគោក ត្រូវធ្វើឡើងដូចភ្លៀងរលឹម ថ្ងៃនេះអាជ្ញាធរខេត្តបានចែកជូនមួកសុវត្ថិភាព និងចែកលិខិតប័ណ្ណផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ។

លោក សុខ លូ បានថ្លែងថា ការពាក់មួកសុវត្ថិភាពជាប់ជាប្រចាំ នៅពេលធ្វើដំណើរដោយទោចក្រយានយន្ដ នៅលើដងផ្លូវដើម្បីការពារខ្លួនពីគ្រោះ ថ្នាក់ដែលអាចកើត មានជាយថាហេតុ ក្នុងពេលធ្វើដំណើរ ព្រោះមួកសុវត្ថិភាព គឺអាចជួយការពារអាយុជីវិត ឬការទទួលរងរបួសក្បាលធ្ងន់ធ្ងរ ដូចប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានជំរុញឲ្យប្រជាពលរដ្ឋ គ្រប់វ័យទាំងអស់ពាក់មួកសុវត្ថិភាព ឲ្យបានត្រឹមត្រូវ មិនថាបើកបរនៅពេលណា? ទីកន្លែងណា? ទាំងអ្នកបើកបរ និងអ្នករួមដំណើរ។

លោក សុខ លូ សូមអំពាវនាវដល់ប្រជាពលរដ្ឋទំាងអស់រួមគ្នា គោរពច្បាប់ចរាចរ ដោយមិនមានការធ្វេសប្រហែស ការមិនយោគយល់អធ្យាស្រ័យ ដោយបើកបរមិនពាក់មួកសុវត្ថិភាព និងខ្សែក្រវ៉ាត់សុវត្ថិភាព ការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង និងប្រើប្រាស់គ្រឿងញៀនការបើកបរហួស ល្បឿនកំណត់ការវ៉ា ឬជែង ក្នុងស្ថានភាពគ្រោះថ្នាក់ ការបើកបរ ឬធ្វើដំណើរតាមយានយន្តផ្ទុកទំនិញលើសទម្ងន់ការមិនគោរពសិទ្ធិអាទិភាព ពេលបើកបរ ការប្រើទូរស័ព្ទដៃពេលបើកបរ ការត្រួតពិនិត្យយានយន្ត ការបើកបរដោយមិនមានប័ណ្ណបើកបរត្រឹមត្រូវ តាមប្រភេទយានយន្ត ការមិនបានបំពាក់សម្ភារៈចំណាំង និងកត្តាផ្សេងៗទៀត។ គ្រោះថ្នាក់នេះបង្កឲ្យមានការខាតបង់ទ្រព្យសម្បត្ដិ អាយុជីវិតមនុស្ស និងបន្សល់ទុកនូវបញ្ហាពិការភាព កុមារកំព្រា ស្រ្ដីមេម៉ាយ និងបញ្ហាសង្គមផ្សេងៗមួយចំនួនទៀត។

លោក សុខ លូ បានបន្តថា ដោយប្រទេសកម្ពុជា មានសន្ដិភាពពិសេសសេដ្ឋកិច្ចសង្គមជាតិ ដែលជំរុញឲ្យសេដ្ឋកិច្ចជាតិមានកំណើនជារៀងរាល់ឆ្នាំ ធ្វើឲ្យប្រជាជនមានជីវភាពធូរធារ និងមានលទ្ធភាព ទិញយានយន្ដសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងសម្រាប់ក្រុមគ្រួសារផងដែរ។ ក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយចំនួនយានយន្ដនៅទូទាំងប្រទេស មានការកើនឡើងយ៉ាងឆាប់រហ័សដែលជាមូលហេតុមួយនាំ ឲ្យគ្រោះថ្នាក់ចរាចរណ៍បានកើនឡើង ក្នុងតួលេខគួរឲ្យព្រួយបារម្ភដោយចំនួនអ្នកស្លាប់ និងអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ គឺជាបញ្ហាប្រឈមដ៏ធំមួយនាពេលបច្ចុប្បន្ន។

លោក ជូ កូឡា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានលើកឡើងថា ដោយយោងតាមការណែនាំរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការអនុវត្តនូវរាល់សកម្មភាព ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងពេលកន្លងមក ក៏ដូចជាពេលប្ចុប្បន្ន ដើម្បីទប់ស្កាត់, លុបបំបាត់ និងកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ ដែលតែងកើតមានឡើងជារៀងរាល់ថ្ងៃ។ ការចែកមួកសុវត្ថិភាពចំនួន៥០០មួកនេះ បានមកពីការឧបត្ថម្ភរបស់ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន៕