(សៀមរាប)៖ សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ មានដាក់តាំងវត្ថុបុរាណជាច្រើនប្រភេទ ដូចជា បដិមា កុលាលភាជន៍ ផ្នូរបុរាណ សាកសព ឬឆ្អឹងខ្មោចមនុស្សសម័យបុរាណជាដើម លលាដ៍ក្បាលមនុស្សបុរាណ ក៏ជាកម្មវត្ថុមួយដាក់តាំងបង្ហាញក្នុងសារមន្ទីរនេះដែរ ដែលត្រូវបានអ្នកសិក្សាស្រាវជ្រាវរកឃើញថា មានអាយុជាង៣ពាន់ឆ្នាំមកហើយ។

តាមឯកសារស្រាវជ្រាវបានបង្ហាញថា លលាដ៍ក្បាលមនុស្សបុរាណនេះ ស្ថិតក្នុងសម័យយុគសំរិទ្ធ និងបានរកឃើញនៅក្នុងបាតបារាយណ៍ទឹកថ្លា ខេត្តសៀមរាប ក្នុងអំឡុងពេលអ្នកស្រាវជ្រាវបុរាណវិទ្យា បានធ្វើកំណាយស្រាវជ្រាវនៅបារាយណ៍ទឹកថ្លា កាលពីឆ្នាំ២០០៤-២០០៥។

ការធ្វើកំណាយស្រាវជ្រាវខាងលើ ធ្វើឡើងដោយអ្នកបុរាណវិទ្យាខ្មែរ នៃអាជ្ញាធរជាតិអប្សរា សហការជាមួយសាលាបារាំងចុងបូព៌ា នៅលើទីតាំងចំនួន២ គឺបារាយណ៍ទឹកថ្លា និងស្ថានីយ៍ព្រៃក្មេង។

មគ្គុទ្ទេសក៍នៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ លោក គុន ផល្លី បានឱ្យដឹងថា លលាដ៍ក្បាលមនុស្សបុរាណដែលតាំងក្នុងសារមន្ទីរនេះ ជាលលាដ៍ក្បាលរបស់មនុស្សផ្សេងគ្នា និងស្លាប់ដោយសារជំងឺ ២ប្រភេទ។ លោកបញ្ជាក់ថា លលាទីមួយ ដែលដាក់តាំងនៅជាន់លើ គឺស្លាប់ដោយសារជំងឺធ្មេញ និងទី២ ស្លាប់ដោយសារជំងឺឈាមសស៊ីឈាមក្រហម។ ចំពោះជំងឺទាំងពីរប្រភេទនេះ ធ្វើឱ្យអ្នកស្រាវជ្រាវយល់ថា មានតាំងពីជាង ៣ពាន់ឆ្នាំមកម្លេះ។

តាមមគ្គុទ្ទេសក៍ដដែល លលាក្បាលមនុស្សបុរាណកាលនេះបានទាក់ទាញភ្ញៀវទេសចរបរទេសជាច្រើន ពិសេសទាក់ទងទៅនឹងការស្លាប់ដោយសារជំងឺឈាមសស៊ីឈាមក្រហម ភ្ញៀវទេសចរភ្ញាក់ផ្អើលទៅនឹងជំងឺនេះ ព្រោះថា វាមានតាំងពីជាង៣ពាន់ឆ្នាំមកហើយ។

គួរបញ្ជាក់ថា សាកសពដែលគេប្រទះឃើញនៅបាតបារាយណ៍ទឹកថ្លា ពេលធ្វើកំណាយនោះ ទាំងអស់មាន៥៩សាកសព ហើយសាកសពទាំងនោះ រក្សាបាននូវទ្រង់ទ្រាយដើមភាគច្រើន។ បើផ្អែកតាមលទ្ធផលស្រាវជ្រាវ អ្នកស្រាវជ្រាវបានទាញសេចក្តីសន្និដ្ឋានថា ដោយសារបាតបារាយណ៍ជាប្រភេទដីខ្សាច់ ដែលមិនសម្បូរជាតិដែក ឬជាតិអាស៊ីត ហើយមួយទៀត បុព្វបុរសសម័យនោះបានលើកដីទប់ធ្វើបារាយណ៍ (បារាយណ៍ទឹកថ្លា ឬខាងលិច) ដើម្បីយកទឹកប្រើប្រាស់ ដូច្នេះទើបធ្វើឱ្យទីតាំងនេះ មានតុល្យភាពត្រជាក់ជាប់រហូតមក៕