(ក្រចេះ)៖ ​សមាជិកក្រុមប្រឹក្សា​ឃុំគ្រញូងសែនជ័យ ស្រុកស្នូល ខេត្តក្រចេះ មកពីគណបក្សសង្រ្គោះជាតិ បានប្រកាសជាសាធារណៈ ដើរចេញេពីបក្សរបស់ខ្លួន ហើយមកសូំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែគាត់បានឃើញថា លោក កឹម សុខា ជាជនក្បត់ជាតិ សម្លាប់ជាតិឯង និងបម្រើបរទេស។ នេះបើតាមលិខិតដែលអង្គភាព Fresh News ដែលទទួលបាននៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧។

សមាជិកក្រុមប្រឹក្សារូបនេះ គឺលោក តេល ទី អាយុ៤៣ឆ្នាំ រស់នៅភូមិគ្រញូងសែនជ័យ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។

យោងតាមលិខិតប្រកាសចាកចេញពីគណបក្សសង្គ្រោះជាតិ ដែលបណ្តាញសារព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្តិច លោក តេល ទី បានបញ្ជាក់ថា «បន្ទាប់ពីបានដឹងថា លោក កឹម សុខា ជាជនក្បត់ជាតិ និងប្រព័ន្ធបក្សសង្គ្រោះជាតិ សុខចិត្តឱនក្បាលបម្រើអាយ៉ងបរទេស គឺដើម្បីតែអំណាចមិនគិតពីមហន្ដរាយដល់ជាតិមាតុភូមិ នេះហើយជាអំពើក្បត់ជាតិតែម្ដង។ អាស្រ័យហេតុនេះហើយ បានជារូបខ្ញុំបាទសម្រេចចិត្តមករួមរស់នៅជាមួយ គណបក្សប្រជាជនកម្ពុជាវិញ»។

សម្តេចតេជោ ហ៊ុ​ន សែន ក្នុងពេលដែលសម្តេចអញ្ជើញ ជួបសំណេះសំណាលជាមួយ តំណាងកម្មករនិយោជិត កាលពីប៉ុន្មានថ្ងៃមុននេះ ក៏បានថ្លែងបញ្ជាក់ថា នៅពេលដែលគណបក្ស សង្រ្គោះជាតិ ត្រូវរំលាយក្រោមការចោទប្រកាន់ថា «ប្រព្រឹត្តិអំពើក្បត់ជាតិ» មេឃុំ-ចៅសង្កាត់ មកពីគណបក្សប្រឆាំងមួយនេះ នៅតែរក្សាតំណែងដដែលប្រសិនបើ ពួកគេព្រមមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បង្ហាញជំនឿចិត្តរហូតដល់ជាង៩៩ភាគរយថា គណបក្សសង្រ្គោះជាតិនឹងត្រូវរំលាយ ហើយមិនអាចយកសហគមន៍អន្តរជាតិមកដាក់សម្ពាធបាននោះឡើយ៕