(ភ្នំពេញ)៖ មនុស្សម្នាពិតជានៅងឿងឆ្ងល់ថាហេតុអ្វីបានជានៅសុខៗ ទណ្ឌិត សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ចេញវីដេអូឃ្លីបមួយដោយបានប្រកាសកុំឲ្យសមាជិកគណបក្ស សង្គ្រោះជាតិទាំងអស់ទទួលយកសេចក្តីសម្រេចណាមួយរបស់ កឹម សុខា ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ដោយសារតែមូលហេតុអ្វី។ សម រង្ស៊ី បានថ្លែងក្នុងវិដេអូឃ្លីបថា៖ «ឥឡូវនេះ លោក កឹម សុខា គឺស្ថិតនៅក្រោមការគំរាមកំហែង។ សេចក្តីសម្រេច សេចក្តីប្រកាសអ្វីរបស់លោក កឹម សុខា យើងជឿជាក់ថា មិនមែនជាសេចក្តីសម្រេចរបស់គាត់ពិតប្រាកដទេ។ បើគាត់មានសេរីភាពពេញលេញ គឺច្បាស់ជាគាត់ មិនធ្វើអ្វីតាមគេបង្គាប់បញ្ជាឲ្យគាត់ធ្វើទេ។ ហើយមានអ្នកខ្លះយកឈ្មោះលោក កឹម សុខា ប្រើប្រាស់ដើម្បីទាញគណបក្សសង្គ្រោះជាតិឲ្យចុះចូលជាមួយបក្សកាន់អំណាច»។

តាមពិតដោយសារតែ មានទំនាស់ផ្ទៃក្នុងរវាង សម រង្ស៊ី និង កឹម សុខា លើការរៀបចំបញ្ជីឈ្មោះបេក្ខភាពសម្រាប់ការបោះឆ្នោតព្រឹទ្ធសភា ដែលបើតាមលិខិតចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧របស់ សម រង្ស៊ី ផ្ញើជូនជាសម្ងាត់ដល់ កឹម សុខា គឺទាមទារឱ្យមានស្មារតីកុងសង់ស៊ីសក្នុងការធ្វើសេចក្តីសម្រេចសំខាន់នីមួយៗ ដោយតម្រូវឱ្យ កឹម សុខា ស្វែងយកយោបល់ពីលោកស្រី មូរ សុខហួរ, លោក អេង ឆៃអ៊ាង និងលោក យឹម សុវណ្ណ មនុស្សទាំងបីនាក់នេះត្រូវបាន សម រង្ស៊ី គូសបញ្ជាក់ប្រាប់ កឹម សុខា ថា ជាអ្នកយល់ចិត្តគាត់ច្បាស់។ ប៉ុន្តែទោះបីជាមានលិខិតពី សម រង្ស៊ី ក៏ កឹម សុខា បានសម្រេចចិត្តចុះហត្ថលេខាលើ បញ្ជីបេក្ខជនព្រឹទ្ធសមាជិកដើម្បីបញ្ជូនទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០១៧។

នៅថ្ងៃដដែលនេះ បេក្ខជនព្រឹទ្ធសមាជិកពីកូតា សម រង្ស៊ី ដឹកនាំដោយ សោ ចាន់ដេត និង សេង ម៉ារឌី សម្តែងការមិនមិនពេញចិត្ត និងបានដកបេក្ខភាពរបស់ខ្លួនចេញពីបញ្ជីដែលរៀបចំនោះ។

ហេតុដូច្នេះហើយបានជានៅថ្ងៃទី២៧ ខែតុលា លោក សម រង្ស៊ី និយាយថា អ្វីដែល កឹម សុខា បានធ្វើក្នុងពន្ធនាគារ គឺមិនអាចយកជាការ ដើម្បីទប់ចរន្តនៃការរៀបចំបេក្ខជនសមាជិកព្រឹទ្ធសភា ដោយដាក់ អ្នកដែលក្នុងកូតាបក្សសិទ្ធិមនុស្ស។ លើសពីនេះទៀត បើតាមការទម្លាយឱ្យដឹងរបស់បន្ទាយចាក់អង្រែ មនុស្សរបស់ សម រង្ស៊ី បានដកពាក្យចេញច្រើនហើយ ដោយសារមនុស្ស កឹម សុខា ទារលុយជាថ្នូរនឹងការ ឈរឈ្មោះជាព្រឹទ្ធសមាជិកក្នុងម្នាក់ៗ ៤ម៉ឺនដុល្លារ! ចំពោះមុខនៃការធ្វើផ្គរធ្វើភ្លៀងរបស់ក្រុម កឹម សុខា, សម រង្ស៊ី បានសម្រេចចេញមុខអន្តរាគមន៍ដោយទម្លាក់តម្លៃ កឹម សុខា និងក្រុមគូកនរបស់គាត់ថា ការសម្រេចទាំងឡាយមិនបានការឡើយ។ តើ សម រង្ស៊ី មានសិទ្ធិអ្វីទៅបដិសេធការសម្រេចរបស់ កឹម សុខា បើខ្លួនមិនមែនជាសមាជិកបក្សនេះ? តើ សម រង្ស៊ី ជានរណា? សម រង្ស៊ី បានបង្ហាញកន្ទុយខ្វៀន របស់ខ្លួន ជាមេដឹកនាំបក្សស្រមោលដូចដែលគេសង្ស័យរួចហើយថា ទោះបីជាលាលែងពីប្រធានបក្សដើម្បីជាឡប់ឡែគេចពីសំណាញ់ច្បាប់ ប៉ុន្តែ សម រង្ស៊ី មានសិទ្ធិចាត់ចែងការងារផ្ទាល់។

ប៉ុន្តែច្បាប់នៅតែជាច្បាប់! តើនរណាជាប្រធានបក្សស្របច្បាប់របស់គណបក្សសង្គ្រោះជាតិ? ម៉ៅ មុនីវណ្ណ ដែលធ្លាប់រស់នៅក្រោមការគ្រប់គ្រងផ្ទាល់របស់ សម រង្ស៊ី នៅក្រោយមកចាកចេញមករួមជីវភាព នយោបាយជាមួយគណបក្សសិទ្ធិមនុស្សរបស់ កឹម សុខា បានថ្លែងថា៖ «ទោះបីជា កឹម សុខា នៅជាប់ឃុំ ប៉ុន្តែ កឹម សុខា នៅតែជាប្រធានគណបក្សស្របច្បាប់ ព្រោះបើតាមនីតិវិធីរបស់តុលាការ កាលណាគាត់នៅតែជាជនជាប់ចោទ ឬកំពុងចោទ គឺគាត់មិនទាន់ មានទោស គាត់នៅតែមានសិទ្ធិ គាត់នៅតែជាប្រធានគណបក្សដដែល ហើយគាត់ចុះហត្ថលេខាលើបេក្ខភាព...សមាជិកព្រឹទ្ធសភានេះ យើងធ្វើតាមនីតិវិធីច្បាប់ត្រឹមត្រូវ»។ ដូច្នេះ កឹម សុខា មានសិទ្ធិគ្រប់គ្រាន់ក្នុងការបំពេញការងារក្នងនាមជាប្រធានបក្ស ដោយមិនចាំបាច់ឆ្លងកាត់យោបល់ សម រង្ស៊ី ឬអ្នកផ្សេងទៀតតាមលក្ខខណ្ឌរបស់សម រង្ស៊ីឡើយ។

ដោយ៖ ចៅចាក់ស្មុក