(សៀមរាប)៖ ម្ដាយយុវជនម្នាក់​ដែលបានធាក់ម៉ូតូខ្លួនឯងផ្ដួល ដើម្បីឌឺមន្ដ្រីនគរបាលចរាចរណ៍ ក្រោយចាប់ខ្លួនផាកពិន័យនោះ ចេញមុខបកស្រាយការពិត ហើយទទួលស្គាល់កំហុសរបស់កូន ប៉ុន្ដែក៏ទាមទារឲ្យមន្ដ្រីនគរបាលចរាចរណ៍ទទួលស្គាល់កំហុសដូចគ្នា ដោយគាត់បានអះអាងថា មន្ដ្រីនគរបាលនោះបានវាយទៅលើកូនប្រុសរបស់គាត់មុន។

តាមរយៈអង្គភាពព័ត៌មាន Fresh News នៅយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧នេះ ម្ដាយយុវជនរូបនោះ ដែលមានទីលំនៅក្នុងខេត្តសៀមរាប បានអះអាងថា គាត់ទទួលស្គាល់នូវកំហុសកូនរបស់ខ្លួន ប៉ុន្ដែមុនឈានដល់ការធាក់ម៉ូតូផ្ដូលនោះ មន្ដ្រីនគរបាលចរាចរណ៍ បានប្រើអំពើហិង្សាដោយវាយមកលើកូនរបស់គាត់ ទើបបណ្ដាលឲ្យកូនគាត់ទប់កំហឹងមិនបាន។

ក្រៅពីការរៀបរាប់បែបនេះ ស្ដ្រីជាម្ដាយរូបនេះ បន្ថែមថា គាត់ចង់ឲ្យមន្ដ្រីនគរបាលចរាចរណ៍ដែលបានប្រើអំពើហិង្សាដាក់កូនរបស់គាត់ ចេញមកទទួលនូវអ្វីដែលខ្លួនបានប្រព្រឹត្ត ខណៈដែលគាត់ខុសចិត្តទទួលកំហុសគ្នាបែបនេះ។

បើតាមស្ដ្រីរូបនេះ គាត់បានដាក់ពាក្យបណ្ដឹងទៅថ្នាក់ដឹកនាំមន្ដ្រីនគរបាលចរាចរណ៍ នៅខេត្តសៀមរាបរួចរាល់ហើយដែរ និងស្នើសុំឲ្យថ្នាក់ដឹកនាំនគរបាលខេត្ត រកយុត្តិធម៌ជូនកូនគាត់ដូចគ្នាដែរ។​

មានករណីចែកចាយបន្ដគ្នាជាច្រើន នៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook ដោយមើលទៅរយៈវីដេអូនោះ បង្ហាញឲ្យឃើញថា យុវជនម្នាក់ ត្រូវមន្ដ្រីនគរបាលចរាចរណ៍ ចាប់ផាក់ពិន័យ ប៉ុន្ដែបែរជាបញ្ចេញអាប្បកិរិយា កោងកាច រហូតលើជើងធាក់ម៉ូតូខ្លួនឯងផ្ដួល ដើម្បីឌឺដាក់នគរបាលថែមទៀតផង។

តាមរយៈវីដេអូនោះ ម៉ូតូរបស់យុវជននោះ មិនមានដាក់កញ្ចក់ មិនមានស្លាកលេខ និងមិនពាក់មួកសុវត្ថិភាពនោះទេ៕