(កំពង់ធំ)៖ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧នេះ សមាជិកក្រុមប្រឹក្សា ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំម្នាក់ទៀតហើយ មកពីគណបក្សសង្រ្គោះជាតិ បានប្រកាសជាសាធារណៈ ដើរចេញេពីបក្សរបស់ខ្លួន ហើយមកសូំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែគាត់បានឃើញថា លោក កឹម សុខា ជាជនក្បត់ជាតិ សម្លាប់ជាតិឯង និងបម្រើបរទេស។

សមាជិកក្រុមប្រឹក្សារូបនេះ គឺលោកស្រី មឿន ធឿន អាយុ៥០ឆ្នាំ រស់នៅភូមិអន្លង់ព្រីង ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពងធំ។

យោងតាមលិខិតប្រកាសចាកចេញពីគណបក្សសង្គ្រោះជាតិ ដែលបណ្តាញសារព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្តិច លោកស្រី មឿន ធឿន បានបញ្ជាក់ថា «ពីមុននាងខ្ញុំនឹកស្មានថា ការតស៊ូដណ្ដើមអំណាចតាមរយៈការបោះឆ្នោត និងតាមរបៀបលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ប៉ុន្ដេក្រោយពីនាងខ្ញុំបានឃើញឃ្លឹបវីដេអូន និងសកម្មភាពជាក់ស្ដែងញុះញង់ បំបែក បំបាក់ខ្មែរជាពីរ លោក កឹម សុខា និងគណបក្សសង្គ្រោះជាតិ សុខចិត្តឱនក្បាលបម្រើបរទេស គឺដើម្បីអំណាចមិនគិតពីមហន្ដរាយរបស់ជាតិមាតុភូមិនេះហើយ ជាអំណាចក្បត់ជាតិ។ ហេតុនេះហើយបានជានាងខ្ញុំ សូមចូលរួមជាមួយ គណបក្សប្រជាជនកម្ពុជាវិញ»

សម្តេចតេជោ ហ៊ុ​ន សែន ក្នុងពេលដែលសម្តេចអញ្ជើញ ជួបសំណេះសំណាលជាមួយ តំណាងកម្មករនិយោជិត កាលពីប៉ុន្មានថ្ងៃមុននេះ ក៏បានថ្លែងបញ្ជាក់ថា នៅពេលដែលគណបក្ស សង្រ្គោះជាតិ ត្រូវរំលាយក្រោមការចោទប្រកាន់ថា «ប្រព្រឹត្តិអំពើក្បត់ជាតិ» មេឃុំ-ចៅសង្កាត់ មកពីគណបក្សប្រឆាំងមួយនេះ នៅតែរក្សាតំណែងដដែលប្រសិនបើ ពួកគេព្រមមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បង្ហាញជំនឿចិត្តរហូតដល់ជាង៩៩ភាគរយថា គណបក្សសង្រ្គោះជាតិនឹងត្រូវរំលាយ ហើយមិនអាចយកសហគមន៍អន្តរជាតិមកដាក់សម្ពាធបាននោះឡើយ៕