(កំពត)៖ ប្រធានគណបក្សសង្គ្រោះជាតិឃុំតាកែន ស្រុកឈូក, ជំទប់ទី១ ឃុំបឹងទូក ក្រុងកំពត និងសមាជិកក្រុមប្រឹក្សា សង្កាត់កំពង់បាយ ក្រុងកំពត សរុប៣នាក់ហើយ​ បានប្រកាសជាសាធារណៈ ដើរចេញេពីបក្សរបស់ខ្លួន ហើយមកសូំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែគាត់បានឃើញថា លោក កឹម សុខា ជាជនក្បត់ជាតិ សម្លាប់ជាតិឯង និងបម្រើបរទេស។ នេះបើតាមលិខិតសុំចូលរួម ដែលអង្គភាព Fresh News ទទួលបាននៅយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧។

១៖ ប្រធានគណបក្សសង្គ្រោះជាតិ ឃុំតាកែន ស្រុកឈូក​ គឺលោក វ៉ាង វ៉ាក អាយុ៥៧ឆ្នាំ តួនាទីជាប្រធានគណបក្សឃុំ និងជាជំទប់ទី២។
២៖ ជំទប់ទី១ ឃុំបឹងទូក ក្រុងកំពត គឺលោក ហែម វណ្ណា អាយុ៤៦ឆ្នាំ ជាជំទប់ទី១ ឃុំបឹងទូក។
៣៖ សមាជិកក្រុមប្រឹក្សា សង្កាត់កំពង់បាយ ក្រុងកំពត គឺលោក ពិន រ៉ុងយីរ៉ុង អាយុ៥៩ឆ្នាំ។

យោងតាមលិខិតប្រកាសចាកចេញ ពីគណបក្សសង្គ្រោះជាតិ ដែលបណ្តាញសារព័ត៌មាន Fresh News ទើបទទួលបាននៅថ្ងៃទី២៨ ខែតុលានេះ សមាជិកសំខាន់ៗថ្នាក់មូលដ្ឋាន របស់គណបក្សសង្គ្រោះជាតិសុទ្ធតែបានបញ្ជាក់ថា «ខ្ញុំមិនអាចរួមរស់នៅជាមួយគណបក្សសង្គ្រោះជាតិ តទៅទៀតបានទេ។ ខ្ញុំបាទសម្រេចចិត្តសុំមកចូលរួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជា ចាប់ពីថ្ងៃនេះតទៅ។ មានតែគណបក្សប្រជាជនតែមួយគត់ ដែលគិតគូរពីផលប្រយោជន៍ប្រជារាស្ត្រ លើកតម្កើនកិត្យានុភាពជាតិ និងធ្វើឲ្យមានការអភិវឌ្ឍន៍រីកចំរើនដល់ប្រទេសជាតិ និងប្រជាជន»

សម្តេចតេជោ ហ៊ុ​ន សែន ក្នុងពេលដែលសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយតំណាងកម្មករនិយោជិត កាលពីប៉ុន្មានថ្ងៃមុននេះ ក៏បានថ្លែងបញ្ជាក់ថា នៅពេលដែលគណបក្ស សង្រ្គោះជាតិ ត្រូវរំលាយក្រោមការចោទប្រកាន់ថា «ប្រព្រឹត្តិអំពើក្បត់ជាតិ» មេឃុំ-ចៅសង្កាត់ មកពីគណបក្សប្រឆាំងមួយនេះ នៅតែរក្សាតំណែងដដែលប្រសិនបើ ពួកគេព្រមមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បង្ហាញជំនឿចិត្តរហូតដល់ជាង៩៩ភាគរយថា គណបក្សសង្រ្គោះជាតិនឹងត្រូវរំលាយ ហើយមិនអាចយកសហគមន៍អន្តរជាតិមកដាក់សម្ពាធបាននោះឡើយ៕