(ភ្នំពេញ)៖ ទីបំផុតក្រុមបាល់ទាត់ជម្រើសជាតិក្រោមអាយុ ១៩ឆ្នាំកម្ពុជា មិនអាចបំបែកពងមាន់ក្រុមភ្ញៀវ U19 ហ្វីលីពីនបានឡើយ ក្រោយបញ្ចប់ការប្រកួតពេញម៉ោង ៩០នាទីស្មើគ្នា ០-០ នៅក្នុងជំនួបបង្ហើយកិច្ចនៃពូល G វគ្គជម្រុះពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC U19 Championship 2018 ដែលទើបបញ្ចប់ការប្រកួតមុននេះ នៅលើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

ការប្រកួតចុងក្រោយនេះ ក្រុមគោព្រៃជំទង់កម្ពុជា មានឱកាសគ្រប់គ្រងបាល់ និងស៊ុតចំគោលដៅជាច្រើន តែមិនបានសម្រេចនោះទេ ក្រោយមានការរារាំងពីសំណាក់ខ្សែការពារដ៏រឹងមាំរបស់ក្រុមភ្ញៀវ ខណៈហ្វីលីពីន ឱកាស ម្ដងម្កាល តែក៏មិនអាចធ្វើអ្វីក្រុមម្ចាស់ផ្ទះបានដែរ ទើបធ្វើឲ្យចប់ការប្រកួតក្រុមទាំងពីរ បានត្រឹមចែកគ្នា ១ពិន្ទុម្នាក់ ក្រោយរក្សាលទ្ធផល ០-០។

ប៉ុន្ដែទោះបីលទ្ធផលស្មើគ្នាក្ដី ក៏ក្រុម U19 កម្ពុជា នៅតែរក្សាកៅអីចំណាត់ថ្នាក់លេខ២ ក្នុងពូល G ក្រោយឆ្លងកាត់ ៣ប្រកួតឈ្នះ១ ស្មើ១ និងចាញ់១ ហើយលទ្ធផលនេះ នៅមិនទាន់ច្បាស់ថា ក្រុម U19 កម្ពុជានឹងឡើងទៅវគ្គបន្ដនោះទេ ពោលគឺត្រូវចាំអ៊ុតលទ្ធផលនៃការថ្លឹងថ្លែងរបស់គណៈកម្មការរវាងក្រុមលេខ២ ក្នុងពូល G គឺក្រុមគោព្រៃជំទង់កម្ពុជា ទៅនឹងក្រុមលេខ២ តាមបណ្ដាពូលនីមួយៗ ដើម្បីចម្រាញ់រកក្រុមលេខ២ ដែលល្អជាងគេ សម្រាប់បន្ដដំណើរទៅវគ្គ ១៦ក្រុមចុងក្រោយ។

ដោយឡែកក្រុមខ្លាំងប្រចាំពូល G ដែលបានកក់កៅអីវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់ AFC U19 Championship 2018 នៅប្រទេសឥណ្ឌូនេស៊ី ជាម្ចាស់ផ្ទះនោះ គឺក្រុម U19 ចិន បន្ទាប់ពីក្រុមជើងខ្លាំងមួយនេះ ទទួលបានជ័យជម្នះ ៣ប្រកួតជាប់គ្នា និងមាន ៩ពិន្ទុពេញ ក្នុងនោះគឺឈ្នះម្ចាស់ផ្ទះកម្ពុជា ១-០, ឈ្នះហ្វីលីពីន ៦-០ និងប្រកួតចុងក្រោយកាលពីល្ងាចមិញឈ្នះមីយ៉ាន់ម៉ា ១-០ ដែលធ្វើឲ្យមីយ៉ាន់ម៉ាធ្លាក់តែម្ដង៕