(តាកែវ)៖ ថវិកាចំនួន២ម៉ឺនដុល្លារ ដែលជាការបរិច្ចាគដោយទឹកចិត្តផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមការស្នើសុំរបស់ក្រុមគ្រួសារ ដើម្បីបន្ដយកទៅសាងសង់​ចេតិយជូនសពលោកបណ្ឌិត កែម ឡី ត្រូវបានប្រគល់ជូនដល់ដៃម្តាយ និងប្អូនប្រុសលោកបណ្ឌិតហើយ នៅឯផ្ទះកំណើតទីដែលបញ្ចុះសពលោកបណ្ឌិត កែម ឡី ផ្ទាល់តែម្តង នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧នេះ។ (សូមស្តាប់កិច្ចសម្ភាសន៍)

ថវិកាទាំង២ម៉ឺនដុល្លាររបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតខាងលើនេះ ត្រូវបានលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាព Fresh News និងក្រុមការងារ បាននាំយកទៅប្រគល់ជូនដល់ផ្ទះក្រុមគ្រួសារ លោកបណ្ឌិត កែម ឡី ស្ថិតនៅភូមិ​អង្គ​តា​កុប ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។

សូមជម្រាបថា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយមើលការអំពាវនាវយ៉ាងទទូចនោះ ក៏ធ្លាប់បានឧត្ថម្ភថវិកា៥ម៉ឺនដុល្លារផងដែរ ដើម្បីផ្ដើមការសាងសង់ចេតិយសព លោកបណ្ឌិត កែម ឡី។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍បញ្ជាក់ តាមអង្គភាពព័ត៌មាន Fresh News ឲ្យដឹងដែរថា ប្រសិនបើក្រុមគ្រួសារសពលោក កែម ឡី រកថវិកាពីសប្បុរសជនជួយមិនបាន​ សម្តេចតេជោ ហ៊ុន សែន នឹងជួយឧបត្ថម្ភថវិកាជាបន្តបន្ទាប់ទៀត រហូតដំណើរការសាងសង់ចេតិយសម្រេចជាស្ថាពរ។

ការបន្ដឧបត្ថម្ភរបស់សម្ដេចតេជោ ហ៊ុន សែន នេះត្រូវបានធ្វើឡើងឡើង បន្ទាប់ពីនៅថ្ងៃទី២៧ ខែតុលា​ ឆ្នាំ២០១៧​ លោកយាយ ភោគ សេ ជាម្តាយបង្កើត និងប្អូនបង្កើតរបស់សពលោកបណ្ឌិត កែម ឡី បានធ្វើលិខិតគោរពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយស្នើសុំបន្ថែមទៀត ដើម្បីបន្តធ្វើការសាងសង់ចេតិយ បន្ទាប់ពីថវិកា ឧបត្ថម្ភរបស់សម្តេចចំនួន៥ម៉ឺនដុល្លារលើកទី១ បានចំណាយលើការសាងសង់ជំហានទី១អស់ទៅហើយ។ រហូតមកដល់ពេលនេះចេតិយនេះបានសាងសង់ចំនួន៣០ភាគរយហើយ៕