(ភ្នំពេញ)៖ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧នេះ បានចុះត្រួតពិនិត្យមើលដំណើរការផលិតលិខិតធ្វើដំណើរ និងប័ណ្ណពលករកម្ពុជា ទៅធ្វើការនៅបរទេសជូនពលករកម្ពុជា នៅការិយាល័យផ្តល់ភាពស្របច្បាប់នៅផ្សារ Big C Ladphrao ទីក្រុងបាងកក ប្រទេសថៃ។

ក្នុងដំណើរចុះពិនិត្យនេះ លោក អ៉ិត សំហេង បានសាកសួរពលករខ្មែរដែលមកទទួលសេវា និងបានក្តាប់នូវសំណូមពរជាក់ស្តែងរបស់ពួកគេ ដើម្បីលើកសំណូមពរនេះយកទៅដោះស្រាយជាមួយភាគីថៃបន្ត និងកែសម្រួលនីតិវិធីមួយចំនួន ក៏ដូចជាយន្តការផ្តល់សេវាជូនពលករខ្មែរ ឲ្យកាន់តែប្រសើរថែមទៀត។

ជាមួយគ្នានោះ ពលករខ្មែរបានសម្តែងនូវក្តីរីករាយចំពោះរាជរដ្ឋាភិបាល ដែលបានសហការជាមួយភាគីថៃ បើកយុទ្ធនាការផ្តល់ភាពស្របច្បាប់ និងបញ្ជូនក្រុមការងារចល័ត មកផលិតឯកសារដល់ពលករដោយផ្ទាល់នៅប្រទេសថៃ បានផ្តល់នូវភាពងាយស្រួល និងចំណេញពេលវេលា និងថវិកាយ៉ាងច្រើនដល់ពួកគេ។

មិនតែប៉ុណ្ណោះ លោករដ្ឋមន្ត្រី អ៉ិត សំហេង ក៏បានផ្តល់ការលើកទឹកចិត្ត និងថ្លែងអំណរគុណដល់មន្ត្រីមកពីគ្រប់ស្ថាប័នទាំងអស់ ដែលបានខិតខំបំពេញការងារយុទ្ធនាការនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

សូមជម្រាបថា ក្នុងពេលបច្ចុប្បន្ននេះ ពលករខ្មែរដែលកំពុងធ្វើការងារនៅប្រទេសថៃមានចំនួន ១លាន៥ម៉ឺននាក់៕