(កំពង់ស្ពឺ)៖ ពិធីបុណ្យអុំទូកនៅខេត្តកំពង់ស្ពឺ រយៈពេល២ថ្ងៃ (២៧-២៨ តុលា) ទទួលបានជោគជ័យប្រកបដោយភាពសប្បាយរីករាយ ក្នុងនោះមានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ រហូតដល់ជិត២ម៉ឺននាក់ ពោលកើនឡើងទ្វេដងបើធៀបនឹងឆ្នាំមុន ខណៈការការពារសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរត្រូវបានគ្រប់គ្រងយ៉ាងតឹងរឹង។

ក្នុងថ្ងៃបញ្ចប់នៃពិធីបុណ្យ នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧នេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់នាំមន្ទីរ-អង្គភាព លោកអភិបាលក្រុង-ស្រុក បានអញ្ជើញប្រគល់ពានរង្វាន់ជូនដល់ទូកជ័យលាភីផងដែរ ដែលទូកនីមួយៗត្រូវបានលោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពងស្ពឺ ឧបត្ថម្ភក្នុងមួយទូកចំនួន ៥០ម៉ឺនរៀល។

ក្នុងពិធីប្រគល់ពានរង្វាន់ខាងលើ លោក វ៉ី សំណាង បានឲ្យដឹងថា ការប្រណាំងទូកង បើទោះបីអ្នកចាញ់ ឬក៏អ្នកឈ្នះ គឺជាការលើកស្ទួយនៅវប្បធម៌ជាតិ ហើយការប្រគល់រង្វាន់នេះ ធ្វើឡើងដើម្បីលើកទឹកចិត្តដល់កីឡាករទាំងអស់ គ្រាន់តែគណៈកម្មាការរៀបចំជូនរង្វាន់ទៅអ្នកមានស្នាដៃតែប៉ុណោះ។

លោកអភិបាលបានបន្តថា ការលើកស្ទួយវប្បធម៌ជាតិ និងយ៉ាងសប្បាយរីករាយបែបនេះ ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយបានមកដោយការបោះឆ្នោត ជូនគណបក្សប្រជាជនកន្លងមក និងបន្តការបោះឆ្នោតជូនបន្តទៀតផងដែរ។

គណៈកម្មាការរៀបចំបុណ្យអុំទូកខេត្ត បានឲ្យដឹងថា ទូកងមានចំនួន ៣៣ទូក នៅថ្ងៃផ្តាច់ព្រ័ត្រនេះ មានទូកជាប់ចំណាត់មានទូកផ្កាចារបុរសទទួលបានពានរង្វាន់ពីលេខ១ដល់៣ មានចំនួន៣ទូក ទូកផ្កាចារនារីទទួលបានចំណាត់ចំនួន១ទូក ទូកអន្តរជាតិផ្នែកនារីទទួលបានពានកិត្តិយសចំនួន១ ទូកអន្តរជាតិផ្នែកបុរសទទួលចំណាត់ពីលេខ១ដល់លេខ២ ចំនួន២ទូក និងទូកទទួលបានផ្នែកសោភ័ណភាព ចំនួន១ទូក។

លោកឧត្តមសេនីយ៍ត្រី សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងលោកឧត្តមសេនីយ៍ត្រី សោម សាម៉ុន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹងឲ្យថា សន្តិសុខត្រូវបានរឹតបន្តឹង ១០០% និងមានកម្លាំងការពារតាមចំណុចសំខាន់ៗគ្រប់គោលដៅ មានក្រុមសង្គ្រោះ និងមានភ្នាក់ងារការពារក្នុងរង្វង់ពិធីថែមទៀត ហើយយប់ទី២នេះ កាន់តែពង្រឹងការងារការពារបន្ថែម ដោយសារតែប្រជាពលរដ្ឋបានមកកម្សាន្តច្រើនទ្វេដង៕