(ស្ទឹងត្រែង)៖ មេទ័ព មេកងពល នាយទាហាន និងពលទាហាន ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ឡាវ បានប្តេជ្ញាការពារបូរណភាពទឹកដី និងដែនអធិបតេយ្យជាតិមិនឲ្យប្រទេសជិតខាងឈ្លានពាននោះឡើយ។ កងទ័ពនៅក្នុងខេត្តស្ទឹងត្រែង ក៏បា​នប្តេជ្ញាផងដែរជាមួយចលនាបះបោរទាំងឡាយ ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោតនាំជាតិឲ្យធ្លាក់ក្នុងភាពវឹកវរ។

ការប្តេជ្ញាចិត្តរបស់មេទ័ព មេកងពល នាយទាហាន និងពលទាហាន បានធ្វើឡើងក្នុងពិធីប្រកាសបង្កើតជាផ្លូវការនូវកងពលតូចអន្តរាគមន៍លេខ១២៨ ចំណុះឲ្យយោធភូមិភាគទី១ ក្នុងខេត្តស្ទឹងត្រែងនាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧នេះ។ ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងមានការអញ្ជើញចូលរួមពីមេទ័ពកំពូលៗជាច្រើនរូបផ្សេងទៀត។

ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរងនៃកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី១ បានថ្លែងក្នុងឱកាសនោះថា នឹងប្រឹងប្រែងអស់កម្លាំងកាយចិត្ត ដើម្បីការជាតិមាតុភូមិ ការពារបូរភាពទឹកដី និងអធិបតេយ្យជាតិ ដោយមិនឲ្យប្រទេសជិតខាងឈ្លាននោះឡើយ។ ឧត្តមសេនីយ៍ឯក ហួត ឈាង ក៏បានប្រកាសប្តេជ្ញាការពាររាជរដ្ឋាភិបាល និងប្រយុទ្ធប្រឆាំងជាមួយចលនាបះបោរទាំងឡាយ ដែលធ្វើឲ្យជាតិធ្លាក់ក្នុងភាពវឹកវរ។

«សូមប្តេជ្ញាស្មោះត្រង់ការពារដាច់ខាតចំពោះរាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋ ចំពោះព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញ ការពារបូរណភាពទឹកដី និងត្រៀមលក្ខណៈជានិច្ចទទួល និងគោរពរាល់បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ក្រសួងការពារជាតិ អគ្គមេបញ្ជាការ មេបញ្ជាការកងទ័ពជើងគោក ដើម្បីប្រឆាំងវាយកម្ទេចគ្រប់ពេលវេលា គ្រប់រូបភាព គ្រប់ឧបាយកលរបស់ជនក្បត់ជាតិ ជនអគតិ ជនប្រតិកិរិយា ក្នុង និងក្រៅប្រទេស ដែលមានឧបាយកលខ្មៅកខ្វក់បំផុសបំផុលធ្វើបដិវត្តន៍ពណ៌គ្រប់រូបភាព មានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីឆន្ទៈប្រជាពលរដ្ឋ ដែលកំពុងដឹកនាំ និងបន្តដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ការពាររាល់សមិទ្ធផលសន្តិភាព ស្ថេរភាព មិត្តភាព ទំនាក់ទំនងអន្តរជាតិ និងការអភិវឌ្ឍទូទាំងប្រទេស ដើម្បីជាតិមាតុភូមិ ប្រជាជនរស់នៅសុខសាន្ត និងមានសុភមង្គលសម្បូរណ៍រុងរឿង»។ ឧត្តមសេនីយ៍ឯក ហួត ឈាង បានបញ្ជាក់បន្ថែម។

លោកឧត្តមសេនីយ៍ត្រី មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ ដែលទើបបង្កើតថ្មីក៏បានប្តេជ្ញាដូចគ្នានេះដែរ។ «យើងខ្ញុំទាំងអស់គ្នាជាមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាន ក្នុងកងពលតូចអន្តរាគមន៍លេខ១២៨ ចំណុះយោធភូមិភាគទី១ បញ្ជាការដ្ឋានកងទ័ពជើងគោក ខ្ញុំសូមប្តេជ្ញាចាប់ពីពេលនេះតទៅ គឺយើងខ្ញុំស្មោះត្រង់ដាច់ខាតចំពោះព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាលដែលប្រសូតចេញដោយការបោះឆ្នោត ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិ និងប្រឆាំងដាច់ខាតជាមួយបុគ្គល ឬក្រុមណាមានគំនិតផ្តួលរំលំរាជរដ្ឋាភិបាល»

ក្នុងពិធីប្រកាសបង្កើតកងពលតូចអន្តរាគមន៍លេខ១២៨ ដែលយកតាមថ្ងៃខែកងទ័ពឡាវដកចេញពីដីកម្ពុជានេះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានបញ្ជាក់ឲ្យដឹងផងដែរ ពីគោលបំណងបង្កើតកងពលនេះ។ សម្តេចពិជ័យបានអះអាងថា គំនិតផ្តួចផ្តើមកងពលនេះពីសំណាក់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងដើម្បីជាឃឿនការពារជាតិ និងបូរណភាពទឹកដីឲ្យកាន់តែរឹងមាំថែមទៀត និងដើម្បីបង្កើនកិច្ចសហការ និងមិត្តភាពជាមួយប្រទេសជិតខាង គ្មានបំណងបង្កសង្រ្គាមណាមួយនោះឡើយ។

សូមបញ្ជាក់ថា កងពលតូចអន្តរាគមន៍លេខ១២៨ ត្រូវបានសម្តេចតេជោ ហ៊ុន សែន សម្រេចបង្កើតឡើងកាលពីខែសីហា ឆ្នាំ២០១៧នេះ ក្រោយពេលដែលកងទ័ពឡាវដកចេញពីដីកម្ពុជាក្នុងតំបន់អូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ការដកនេះបន្ទាប់ពីមានការជួបចរចាដោយផ្ទាល់រវាងសម្តេច ជាមួយនាយករដ្ឋមន្រ្តីឡាវ លោក ថងលូន ស៊ីសូលីត នៅទីក្រុងវៀងចាន់ ប្រទេសឡាវ៕