(ភ្នំពេញ)៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភ្នំពេញស្អាត» នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧នេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានថ្លែងបញ្ជក់ថា យុទ្ធនាការ «ស្អាត» នេះនឹងក្លាយជាដំណោះស្រាយមួយផ្នែកបន្ថែមទៀត ចំពោះបញ្ហាសំរាមនៅកម្ពុជា និងជាពិសេសការអប់រំ ប្រជាជន យុវជន និងកុមារ។

កម្មវិធីភ្នំពេញស្អាតខាងលើនេះ ត្រូវបានបង្កើតឡើងដោយ សហស្ថាបនិកចំនួន៥រូប ដែលមកពីស្ថាប័នផ្សេងៗគ្នា រួមមាន១៖ លោក ជី សីលា អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Sabay Group, ទី២៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, ទី៣៖ លោកស្រី ជា សុផល្លា ប្រធានសភាយុវពាណិជ្ជករអន្ដរជាតិកម្ពុជា និងអគ្គនាយកាប្រតិបត្តិក្រុមហ៊ុន Emerald Plus, ទី៤៖ លោកស្រី ហេង ធីតា នាយិកាផ្នែកសេវាកម្មហិរញ្ញាវត្ថុបុគ្គលនៃធនាគារ CIMB Cambodia PLC និងទី៥៖ លោក ហៃ ភិរម្យ នាយកផ្នែកយុទ្ធសាស្ដ្រជំនួញ ប្រចាំប្រទេសកម្ពុជា ក្នុងតំបន់មេគង្គនៃក្រុមហ៊ុន Bosch ។

លោក ហ៊ុន ម៉ានី បានថ្លែងបញ្ជាក់យ៉ាងដូច្នោះ «ជាមួយនឹងយន្ដការរបស់រាជរដ្ឋភិបាលដែលមានស្រាប់ ខ្ញុំរំពឹងទុកថា យុទ្ធនាការ «ស្អាត» នឹងក្លាយជាដំណោះស្រាយមួយផ្នែកបន្ថែមទៀតចំពោះបញ្ហាសំរាមនៅកម្ពុជា​ ជាពិសេសការអប់រំប្រជាជន យុវជន និងកុមារ ឲ្យចូលរួមគិតពីបញ្ហា និងចូលរួមជាផ្នែកមួយ នៃដំណោះស្រាយជាជាងការរិះគន់»

លោក ហ៊ុន ម៉ានី បានឲ្យដឹងថា ក្រោមការគាំទ្ររបស់លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា កម្មវិធីភ្នំពេញស្អាត ក៏បានសហការជាមួយស្ថាប័នអប់រំរដ្ឋ និងឯកជនដែលរួមមាន សាលាចំនួន៤០ សម្រាប់ការអប់រំផ្នែកបរិស្ថាននេះ ដោយនិរន្ដរភាព។ ក្រុមយុវជនសុឆ្ទនៈស្អាត នឹងធ្វើការចុះបញ្ច្រាបការអប់រំ បន្ដដោយធ្វើសិក្ខាសាលាជាមួយសិស្សនុសិស្ស និងការចូលរួមគាំទ្រពីលោកគ្រូ អ្នកគ្រូ នៅក្នុងសាលាទាំងនោះផងដែរ។

លោកស្រី ជា សុផល្លា បានថ្លែងថា «ភ្នំពេញស្អាតចាប់ផ្ដើមចេញពីខ្លួនយើង។ យុទ្ធនាការស្អាតនេះ គឺជាវេទិការមួយ ដែលផ្ដល់ឱកាសឲ្យយើងទាំងអស់គ្នា បានរួបរួមគ្នាជាកម្លាំងមួយដ៏ធំ ជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធ ដើម្បីចែករំលែកនូវចំណេះដឹងបទពិសោធន៍ យុទ្ធសាស្រ្ដ ក្នុងការការពារបរិស្ថាន សោភ័ណភាព និងសុខុមាភាពរបស់យើងប្រកបដោយនិរន្ដរភាព»

លោកស្រី បន្ដទៀតថា «ខ្ញុំមានសង្ឃឹមយ៉ាងមុតមាំផងដែរថា យុទ្ធនាការនេះ នឹងជួយកសាង និងបង្កើនទំនាក់ទំនង ឲ្យកាន់តែស្អិតរមួតរវាងវិស័យឯកជន រាជរដ្ឋភិបាល សមាគមន៍ អង្គការក៏ដូចជា ជាមួយយុវជនសុឆន្ទៈ ស្អាត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ទៅថ្ងៃអនាគត»

សូមជម្រាបថា កម្មវិធីនេះ ក៏បង្កើតឲ្យមាននូវ ទិវាភ្នំពេញស្អាត នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ ដើម្បីបូកសរុបលទ្ធផល នៃកម្មវិធីរយៈពេលពេញមួយខែនេះ ក៏ដូចជាកំណត់គោលដៅ សម្រាប់ជំហានបន្ទាប់នៅឆ្នាំក្រោយទៀត។

គម្រោងភ្នំពេញស្អាត មានការចូលរួម និងគាំទ្រដោយ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងបរិស្ថាន ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងទេសចរណ៍ សាលារាជធានីភ្នំពេញ សហពាណិជ្ជកម្មកម្ពុជា សមាគម្មសហគ្រិនស្រ្ដីកម្ពុជា សមាគមភោជនីយដ្ឋានកម្ពុជា សភាពាណិជ្ជក​ម្មអ៊ឺរ៉ុប សភាពាណិជ្ជកម្ម​ ចក្រភពអង់គ្លេស សមាគមសហគ្រិនវ័យក្មេង និងសមាគមនិស្សិតវិទ្យាសាស្រ្ដសេដ្ឋកិច្ច និងពាណិជ្ជសាស្រ្ដអន្ដរជាតិនៅកម្ពុជា (AIESEC)​៕