(តាកែវ)៖ នៅទីបំផុតថវិកាចំនួន២ម៉ឺនដុល្លារ ដែលជាការបរិច្ចាគដោយទឹកចិត្តផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមការស្នើសុំរបស់ក្រុមគ្រួសារ ដើម្បីបន្ដយកទៅសាងសង់​ចេតិយជូនសពលោកបណ្ឌិត កែម ឡី ត្រូវបានប្រគល់ជូនដល់ដៃម្តាយ និងប្អូនប្រុសលោកបណ្ឌិតហើយ នៅឯផ្ទះកំណើតទីដែលបញ្ចុះសពលោកបណ្ឌិត កែម ឡី ផ្ទាល់តែម្តង នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧នេះ។

ថវិកាទាំង២ម៉ឺនដុល្លាររបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតខាងលើនេះ ត្រូវបានលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាព Fresh News និងក្រុមការងារ បាននាំយកទៅប្រគល់ជូនដល់ផ្ទះក្រុមគ្រួសារ លោកបណ្ឌិត កែម ឡី ស្ថិតនៅភូមិ​អង្គ​តា​កុប ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។

នៅពេលដែលទទួលថវិកាដ៏ច្រើនបែបនេះ លោកយាយ ភោគ សេ ម្ដាយចាស់ជរារបស់លោកបណ្ឌិត កែម ឡី ពិតជារំភើប​ឥតឧបមាររកអ្វីថ្លែងមិនចេញ លើកដៃសំពះថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសធម៌ពីសម្ដេចតេជោ ហ៊ុន សែន ជាលើកទី២ បន្ទាប់ពីលើកមុនសម្ដេច បានឧបត្ថម្ភថវិកា៥ម៉ឺនដុល្លារ បើទោះបីពេលខ្លះសម្តេចទទួលរងនូវ ការលាបពណ៌ពីសំណាក់គណបក្សប្រឆាំង ពាក់ព័ន្ធទៅនឹងសំណុំរឿងលោក កែម ឡី ក៏ដោយនោះ តែសម្តេចនៅតែបន្ដផ្តល់ទឹកចិត្តអាណិតអាសូរ រហូតជួយឧបត្ថម្ភ​ថវិកាយ៉ាងច្រើនបែបនេះ។

លោក កែម រិទ្ធីសិទ្ធ ប្អូនប្រុសលោកបណ្ឌិត កែម ឡី បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងអនេក ចំពោះទឹកចិត្តដ៏បរិសុទ្ធរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការជួយថវិកាដ៏ច្រើននេះជាលើកទី២ សម្រាប់កសាងចេតិយសពបងប្រុសរបស់លោក ហើយលោកបានបញ្ជាក់ឲ្យដឹងថា កន្លងមកក៏ដូចជាបច្ចុប្បន្នសម្រាប់ការអំពាវនាវសាងសង់ចេតិយនេះ ទទួលបានថវិកាតិចតួចណាស់។ លោក កែម រិទ្ធិសិទ្ធ បានចាត់ទុកទឹកចិត្តរបស់សម្តេចតេជោ ហ៊ុន សែន គឺជាទឹកចិត្តសណ្តោសប្រណីដ៏ធំធេងបំផុត សម្រាប់ក្រុមគ្រួសារ របស់លោក ដែលក្រុមគ្រួសារលោកទាំងមូលមិនអាចបំភ្លេចបាននោះ ឡើយពេញមួយជីវិតនេះ។

សូមជម្រាបថា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយមើលការអំពាវនាវយ៉ាងទទូចនោះ ក៏ធ្លាប់បានឧត្ថម្ភថវិកា៥ម៉ឺនដុល្លារផងដែរ ដើម្បីផ្ដើមការសាងសង់ចេតិយសព លោកបណ្ឌិត កែម ឡី។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍បញ្ជាក់ តាមអង្គភាពព័ត៌មាន Fresh News ឲ្យដឹងដែរថា ប្រសិនបើក្រុមគ្រួសារសពលោក កែម ឡី រកថវិកាពីសប្បុរសជនជួយមិនបាន​ សម្តេចតេជោ ហ៊ុន សែន នឹងជួយឧបត្ថម្ភថវិកាជាបន្តបន្ទាប់ទៀត រហូតដំណើរការសាងសង់ចេតិយសម្រេចជាស្ថាពរ។

ការបន្ដឧបត្ថម្ភរបស់សម្ដេចតេជោ ហ៊ុន សែន នេះត្រូវបានធ្វើឡើងឡើង បន្ទាប់ពីនៅថ្ងៃទី២៧ ខែតុលា​ ឆ្នាំ២០១៧​ លោកយាយ ភោគ សេ ជាម្តាយបង្កើត និងប្អូនបង្កើតរបស់សពលោកបណ្ឌិត កែម ឡី បានធ្វើលិខិតគោរពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយស្នើសុំបន្ថែមទៀត ដើម្បីបន្តធ្វើការសាងសង់ចេតិយ បន្ទាប់ពីថវិកាឧបត្ថម្ភរបស់សម្តេចចំនួន៥ម៉ឺនដុល្លារលើកទី១ បានចំណាយលើការសាងសង់ជំហានទី១អស់ទៅហើយ។ រហូតមកដល់ពេលនេះចេតិយនេះបានសាងសង់ចំនួន៣០ភាគរយហើយ៕