(ភ្នំពេញ)៖ កម្មករសំណង់ជាជនជាតិខ្មែរ និងចិនជាច្រើននាក់ បាននាំគ្នាផ្ទុះការតវ៉ាទាមទារឲ្យ ក្រុមហ៊ុន D.I.R IVIERA ចេញមុខទទួលខុសត្រូវ លើប្រាក់ឈ្នួលតម្លៃពលកម្មរបស់ពួកគាត់ ដែលបានបំពេញ​ការងាររួចរាល់លើផ្នែកម៉ៅការសំណង់​ ប៉ុន្តែខាងក្រុមហ៊ុនបង់ប្រាក់មិនគ្រប់ និងគេចវេសដោយចេតនា មិនព្រម​ទូទាត់ប្រាក់ឈ្នួល កម្រៃកម្លាំងពលកម្ម​។

មកទល់នឹងពេលនេះ កម្មករសំណង់ជនជាតិខ្មែរ-ចិនបានប្រមូលផ្តុំគ្នា នៅជិតអគារខុនដូ៣០ជាន់កោះពេជ្រ ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ដែលពួកគាត់បំពេញការងារនៅទីនេះ លើគ្រប់ផ្នែកជំនាញរៀងៗខ្លួន​។

កម្មករខ្មែរបានលើកឡើងថា ប្រាក់ឈ្នួលពលកម្មជាង១០ម៉ឺនដុល្លារ ត្រូវបានខាងក្រុមហ៊ុនជំពាក់មិនទូទាត់ ប្រមាណជិត៣ម៉ឺនដុល្លារ ហើយខាងកម្មករជនជាតិចិន នៅខ្វះប្រហាក់ប្រហែល៨ម៉ឺនដុល្លារ គឺខាងក្រុមហ៊ុនមិន​បានចេញមុខមកដោះស្រាយ ទទួលខុសត្រូវ ទោះជាការងារទាំងនោះត្រូវបានធ្វើរួចរាល់ក្តី។

ក្រុមកម្មករលើកឡើងថា ក្រោយពីខាងក្រុមហ៊ុន D.I.R IVIERA យកកម្មករជនជាតិវៀតណាមមកធ្វើការ និង​មានប្រាក់ឈ្នួលទាបជាង ក៏បញ្ឈប់ការងារកម្មករខ្មែរ និងចិន​។

កម្មកដដែលនិយាយថា ក្នុងរយៈពេលតវ៉ា៣ថ្ងៃជាប់ៗគ្នានេះ ខាងក្រុមហ៊ុនគ្រាន់តែចេញមុខឲ្យ ជំនាញរបស់ខ្លួនចុះមកវាស់វែង ចំពោះ​ទីតាំងដែលបានធ្វើរួចរាល់ ជាលេសចេញមុខដោះស្រាយ លើការងារដែលបានធ្វើរួចរាល់​។ ផ្ទុយទៅវិញខាងក្រុម​ហ៊ុនគ្រាន់តែ ប្រើរូបភាពបែបនេះ ដើម្បីឲ្យកម្មករខ្មែរ-ចិនមានទំនុកចិត្ត​។

ពាក់ព័ន្ធនឹងក្រុមហ៊ុនម D.I.R IVIERA មិនព្រមបើកប្រាក់ឲ្យកម្មករខ្មែរ-ចិន​ ប្រភពខ្លះបានទម្លាយថា ខាង​ក្រុមហ៊ុនកំពុងតែខ្ចីដៃខាងសមត្ថកិច្ច ដែលមានអំណាចសម្រាប់ធ្វើទុននៅក្រោយខ្នង តាមរយៈការគំរាមកំហែង របៀបកម្មករជាជនបរទេស គ្មានសៀវភៅការងារនេះជាដើម​។

​បើទោះជាមានការលើកឡើងបែបនេះក៏ដោយ ​គេមិនទាន់ដឹងថា អ្នកធំមួយណាសមគំនិតជាមួយក្រុមហ៊ុនខាងលើ មានចេតនាអាក្រក់កេងកម្លាំងពលកម្មខ្មែរ-ចិននៅឡើយទេ ហើយខាងអាជ្ញាធរ​សមត្ថកិច្ច ក៏ដូចជាខាងជំនាញក្រសួងការងារ មិនទាន់មានវត្តមានចុះមក សិក្សាពីការទាមទារកម្រៃកម្លាំងពលកម្ម កម្មករ នៅឡើយទេ មកទល់ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧​។

ពាក់ព័ន្ធករណីនេះ Fresh News មិនទាន់អាចទំនាក់ទំនងសុំការបញ្ជាក់ពីក្រុមហ៊ុន D.I.R IVIERA បាននៅឡើយនោះទេ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧នេះ៕