(ភ្នំពេញ)៖ ការិយាល័យឥណទានកម្ពុជា (CBC) បានរៀបចំពិធីគំរប់ខួបប្រាំឆ្នាំរបស់ខ្លួន នៅល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ នៅឯសណ្ឋាគារសូហ្វីតែល ដោយបានធ្វើការរំលឹកឡើងវិញ នូវសមិទ្ធផលជាច្រើន​របស់ខ្លួន ដែលសម្រេចបានរួមមាន​ ការធ្វើការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ នៅក្នុងប្រទេសដើម្បីផ្តល់ជូននូវព័ត៌មាន ដែលអាចទុកចិត្តបាន តាមរយៈ​ឧបករណ៍វិភាគ និងសេវាធ្វើរបាយការណ៍ សម្រាប់សេវាជំនាញវិជ្ជាជីវៈ និងសម្រាប់របាយការណ៍ឥណទានបុគ្គល។

ក្នុងពិធីនេះ ក៏មានការផ្ដល់កិត្តិយសចូលរួម ដោយលោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា,លោកស្រី ជា សិរី​ ប្រធានក្រុមប្រឹក្សាភិបាល​ CBC​, លោក​ អឿ សុធារ័ត្ន​ ប្រធាននាយកប្រតិបត្តិ ​CBC​ ព្រមទាំងតំណាងមកពីគ្រិះស្ថានមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា និងដៃគូពាណិជ្ជកម្មជាច្រើននាក់ទៀត។

បន្ទាប់ពីទទួលបានការ​អនុញ្ញាតពី​ ធនាគារជាតិនៃកម្ពុជា លើការស្នើសុំបង្កើតការិយាល័យឥណទាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនស៊ីប៊ីស៊ី ក៏បានបើកដំណើការការិយាល័យ ប្រតិបត្តិការរបស់ខ្លួន នា​ពេលនោះផងដែរ។ ចាប់តាំងពីបង្កើតមកដល់បច្ចុប្បន្ន ការិយាល័យឥណទានកម្ពុជា បានប្រមូលទិន្នន័យ​ពីស្ថាប័នហិរញ្ញវត្ថុទាំងអស់ ដើម្បីផ្តល់ព័ត៌មានអំពីឥណទាន ដែលពេញលេញ អាចជឿ ទុកចិត្តបាន ​នៅប្រទេសកម្ពុជា។ ទិន្នន័យត្រូវ​បានប្រើប្រាស់ សម្រាប់របាយការណ៍ឥណទានបុគ្គល របាយការណ៍ព័ត៌មានឥណទានសាធារណៈ និងសេវាព័ត៌មានហិរញ្ញវត្ថុផ្សេងៗទៀត សម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុនានា។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ របស់ក្រុមហ៊ុនស៊ីប៊ីស៊ី បានមានប្រសាសន៍ថា «ការិយាល័យឥណទានភាគច្រើន មាននៅបណ្តាប្រទេសអភិវឌ្ឍន៍ដូចជា​សឹង្ហបុរី ជប៉ុន អាមេរិក និងអឺរ៉ុប​.. ហើយដោយឡែក ការិយាល័យឥណទានរបស់យើង ទទួលបានការកោតសរ​សើរ និងទទួលស្គាល់ថាជាគំរូដ៏ជោគជ័យ​។ យើងមានមោទនភាព ចំពោះការចូលរួមចំណែកក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចកម្ពុជា»

​លោកបន្តថា ការរួមចំណែកដល់កំណើនសេដ្ឋកិច្ច ក្នុងព្រះរាជាណាចក្រកម្ពុ​ជា ក្រុមហ៊ុនស៊ីបីស៊ី គឺជាស្ថាប័នដំបូងគេបង្អស់ដែលបាន និងកំពុងផ្តល់ព័ត៌មានពោរពេញ ដោយភាពជឿទុកចិត្តបាន នៅលើទីផ្សារឥណទានកម្ពុជា។ ដូច្នេះហើយវាបានបង្កនូវភាពងាយស្រួល ដល់វិនិយោគិនក្នុងការចូលមកកាន់ទីផ្សារកម្ពុជា ដោយ​អាចធ្វើ​ការ​ប្រឹក្សានូវរបាយការណ៍ ព័ត៌មានឥណទានសាធារណៈ ឬធ្វើការស្នើសុំរបាយការណ៍ ដោយផ្ទាល់តាមរយៈទិន្នន័យ របស់ក្រុមហ៊ុនស៊ីប៊ីស៊ី​។ ក្រុមហ៊ុន ស៊ីប៊ីស៊ី មានមោទនភាពយ៉ាងខ្លាំង ចំពោះសកម្មភាពរបស់ខ្លួន ដោយបានរកឃើញថា ខ្លួនបានជួយជម្រុញឲ្យប្រទេសកម្ពុជា ទទួលបានចំណាត់ថ្នាក់កាន់តែប្រសើរឡើង ក្នុងរបាយការណ៍​ប្រចាំឆ្នាំ របស់ក្រុមធនាគារពិភពលោកស្តីពី ភាពងាយស្រួលក្នុងការធ្វើជំនួញ ដែលបានធ្វើឲ្យកម្ពុជា ជាប់ចំណាត់ថ្នាក់ជាប្រទេសល្អបំផុតទី ៧ នៅលើពិភពលោក ចំពោះភាពងាយ​ស្រួល ក្នុងការទទួលបានឥណទាន។ ពិន្ទុសម្រាប់ប្រទេសនីមួយៗ ត្រូវបានគណនាតាមលក្ខណៈវិនិច្ឆ័យជាច្រើន រួមមានការបង្កើតការិយាល័យ​ឥណទាន និងការអនុលោម ទៅតាមបទដ្ឋានអន្ដរជាតិ។

ដោយឡែកលោកស្រី ជា សិរី​ ប្រធានក្រុមប្រឹក្សាភិបាល ​​CBC បានថ្លែងថា ការិយាល័យឥណទានកម្ពុជា ជាគ្រឹះស្ថានអព្យាក្រឹត្យ និងឯករាជ្យក្នុងការការពារស្ថាប័ន​ហិរញ្ញវត្ថុ និងអតិថិ​ជនក្រោមកិច្ចសហការ ជាមួយស្ថាប័នហិរញ្ញវត្ថុជាង​១៤០ នៅកម្ពុជា ក្រុមហ៊ុនស៊ីប៊ីស៊ី គឺជាស្ថាប័នធ្វើការទៅលើ ការប្រមូលទិន្នន័យពីបណ្តាធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យា និងប្រតិបត្តិករឥណទានទាំងអស់។ នៅពេលទិន្នន័យបានប្រមូលរួចរាល់ ស៊ីប៊ីស៊ីធ្វើការវិភាគ និងចងក្រងទិន្នន័យទំាងនោះទុកដើម្បីផ្ដល់ជាចក្ខុវិស័យ ច្បាស់លាស់ និងមានតម្លាភាព អំពីប្រវត្តិឥណទាន របស់ស្ថាប័នទាំងនោះ។

លោកស្រីបន្តថា ក្រុមហ៊ុនស៊ីប៊ីស៊ី បានធ្វើរបាយការណ៍ជាង ​១៣ លានរបាយការណ៍​ចាប់ពីឆ្នាំ ២០១២ មក។ ផ្អែកទៅលើព័ត៌មានដែលផ្តល់ ដោយស្ថាប័នហិរញ្ញវត្ថុនីមួយៗ ជួយឲ្យមានទិន្ន័យ ជារួមមួយដើម្បីអាចយល់យ៉ាងច្បាស់ ពីស្ថានភាពឥណទានជាសកល របស់បុគ្គលម្នាក់ៗ។ សម្រាប់អតិថិជនកម្ចី វាគឺ​ជាឱកាស ក្នុងការជួយ​ឲ្យពួកគេ មានប្រវត្តិស្ថានភាពឥណទានផ្ទាល់ខ្លួនមួយច្បាស់លាស់ និងជាពិសេសជួយបង្ការបំណុលវ័នក សម្រាប់អតិថិជនដែលគ្មានលទ្ធភាពសងត្រលប់វិញ។ សម្រាប់ស្ថាប័ន ផ្តល់កម្ចី ក្រៅពីជួយធ្វើការសម្រេចចិត្តបានលឿន នៅពេលផ្តល់ប្រាក់កម្ចីហើយនោះ វាក៏ជាឧបករណ៍ដ៏មានតម្លៃ ក្នុងការកាត់បន្ថយហានិភ័យឥណទាន និងការពារពីការលួចបន្លំផ្សេងៗ។ រាល់របាយការណ៍ទាំងអស់ត្រូវបានការពារ និងរក្សាទុកជាការ​​សម្ងាត់ ហើយរបាយការណ៍ទំាងនេះ អាចទាញយកបានតាមរយៈស្ថាប័ននីមួយៗ បន្ទាប់ពីមានការព្រមព្រៀង​ ពីអតិថិជន​។ ប្រជាជនកម្ពុជាទាំងអស់ ក៏មានសិទ្ធិទទួលបានរបាយការណ៍ ហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់ពួកគេ ក្នុងមួយឆ្នាំម្តងដោយឥតគិតថ្លៃ ផងដែរ។

​សូមបញ្ជាក់ថា ក្រុមហ៊ុនស៊ីប៊ីស៊ីតែងតែ​ស្តាប់ និងមានទំនាក់ទំនងយ៉ា​ងជិតស្និទ្ធ ជាមួយសមាជិកគ្រឹះស្ថានហិរញ្ញវត្ថុនានា ដើម្បីធ្វើការ​សិក្សាថា តើការកែប្រែបែបណា ដែលសមាជិករបស់យើងត្រូវការ ហេតុដូច្នេះហើយ​បានជាយើងតម្រូវឲ្យធ្វើការ កែលម្អយ៉ាងហោចណាស់ ៣ ដងក្នុងមួយឆ្នាំទៅលើប្រព័ន្ធរបាយការណ៍​ឥណទាន របស់យើង។ ក្រុមហ៊ុនស៊ីប៊ីស៊ី តែងតែរក្សាប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន ឲ្យមានទំនាក់ទំនងទៅនឹងការវិវត្តន៍ នៃតម្រូវការ និងទីផ្សារជានិច្ច។ ​នេះជាលើកទី១ហើយ ដែលយើងប្រារព្ធខួបប្រាំឆ្នាំនេះឡើង ប៉ុន្តែយើងជឿជាក់ថា នឹងមានកម្មវិធីផ្សេងៗទៀតជាច្រើន នា​ពេលខាងមុខ។ ​នៅមានរឿងជាច្រើនទៀត ដែលយើងត្រូវធ្វើក្នុងប្រទេសកម្ពុជា ហើយយើងមានសេចក្តីសោមន្សរីករាយ ក្នុងការបន្តអភិវឌ្ឍសកម្មភាពរបស់យើង នាពេលប៉ុន្មានឆ្នាំខាងមុខនេះ៕