(កំពង់ឆ្នាំង)៖ រដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧នេះ បានរៀបចំពិធីអបអរសាទខួបលើកទី១៣ នៃព្រះរាជពិធីបុណ្យគ្រងរាជសម្បត្តិ ២៩ តុលា ២០០៤-២០១៧ របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី។

ពីធីនេះបានប្រព្រឹតទៅក្រោមវត្តមានលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោក ម៉ែន ធឿន ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពីប្រធាន-អនុប្រធានមន្ទីរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជុំវិញខេត្ត សិស្សានុសិស្ស ប្រជាពលរដ្ឋសរុបប្រមាណជាង ២០០នាក់ និងមានព្រះសង្ឈសូត្រមន្តជយោនតោថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។

លោក ឈួរ ច័ន្ទឌឿន តំណាងឲ្យព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងខេត្ត បានអានសារលិខិតថ្វាយព្រះពរសពសារធុការ និងបានសម្តែងភក្ដីភាព កតញ្ញូធម៌ ចំពោះព្រះមហាករុណាទិគុណដ៏ជ្រាលជ្រៅបំផុត និងបានលំឱនកាយបួងសួងដល់គុណបុណ្យព្រះរតនត្រៃយ៍ គុណបុណ្យដល់វត្ថុសក្ដិសិទ្ធិក្នុងលោក និងបារមីទេវតារក្សាស្វេតច្ឆត្រ សូមជួយប្រសិទ្ធពរជ័យបវរសួស្ដី សិរីមង្គល មហាប្រសើរថ្វាយដល់ព្រះករុណាជាម្ចាស់ជីវិតតម្កល់លើត្បូងសូមឲ្យមានព្រះរាជសុខុមាលភាពល្អ បរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងមានជន្មាយុយឺន យូរជាងរយព្រះវស្សា ដែលព្រះ អង្គកំពុងគង់ប្រថាប់ ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់នៃប្រជារាស្ត្រខ្មែរ ទូទាំងព្រះរាជាណាចក្រ កម្ពុជា ជានិច្ចនិរន្តតរៀងទៅ។

សូមរំលឹកថា សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គត្រូវបានជ្រើសរើសដោយសមាជិកទាំង៩រូប នៃក្រុមប្រឹក្សារាជសម្បតិ្ត ជាផ្នែកមួយនៃដំណើរការ សមស្រប កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ ក្រោយពីដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលនៃការដាក់រាជ្យរបស់សម្តេច ព្រះនរោត្តម សីហនុ។ ការជ្រើសរើស នេះគឺស្របតាមការយល់ព្រមពីសម្តេចនាយករដ្ឋមន្ត្រី តេជោ ហ៊ុន សែន និងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលកាលនោះជាព្រះប្រធានរដ្ឋសភា។

ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ឡើងគ្រងរាជសម្បត្តិ នៅថ្ងៃសុក្រ ទី២៩ ខែតុលា ឆ្នាំ២០០៤។

គណៈអធិបតីបានប្រគេនសាដកចង្ហាន់ដល់ព្រះសង្ឃចំនួន៧អង្គ និងជូនថវិកាយាយជី តាជី ចំនួន៥០នាក់ផងដែរ៕