(ភ្នំពេញ)៖ ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរ ពិតជាគួរឱ្យសោកស្តាយជាទីបំផុតដែល ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា តំណាងឱ្យសំឡេងមហាអំណាចពិភពលោក ល្បីល្បាញខាងការអនុវត្តសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ បែរជាបន្តភូតកុហកប្រជាជនកម្ពុជា និងពិភពលោកទាំងមូលថា គ្រាប់បែកគីមីដែលរកឃើញក្នុង ខេត្តស្វាយរៀង កាកសំណល់សង្គ្រាមរបស់អាមេរិក នៅកម្ពុជា គឺគ្រាន់តែជាឧស្ម័នបង្ហូរទឹកភ្នែក ខណៈប្រជាពលរដ្ឋនៅក្នុងតំបន់នោះ បានរងគ្រោះជាច្រើន ទសវត្សរ៍មកហើយ និងបានបន្សល់ទុកនូវផលប៉ះពាល់សុខភាព រ៉ាំរ៉ៃដល់អ្នកភូមិ ក្នុងតំបន់នោះ។

គ្រាប់បែក Blister Agents ខុសពីគ្រាប់បែក Tear Gas ដែលទូតអាមេរិកបានប្រកាស កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧កន្លងទៅ។ ម៉្យាងទៀត ខ្ញុំមិនជឿថា គេមានផលិតគ្រាប់ហ្គាសបង្ហូរទឹកភ្នែក ដែលមានទំហំរហូតដល់ត្រូវ ដឹកតាមយន្តហោះមកទម្លាក់នោះទេ។ គេអាចធ្វើប៉ុនបំពង់ Spray ឬ គ្រាប់បែកដៃ ឬគ្រាប់ប្រភេទ M79 បានន័យថា គ្រាប់ ឬឧបករណ៍តូចៗ។

ប្រសិនបើគ្រាប់ប្រភេទនោះគ្មានគ្រោះថ្នាក់ ដូចលោកទូតប្រកាស គួរតែអាមេរិកបង្ហាញមនុស្សធម៌ ដោយចាត់ឲ្យអ្នកការទូតរបស់ខ្លួន ទៅសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរស់នៅទីនោះជាការគួរសម ហើយប្រមូលគ្រាប់ទាំងនោះ យកមកទុកដឹកយកទៅសហរដ្ឋអាមេរិកវិញ ដោយចាត់ទុកជាសំណងបំណុលសង្គ្រាម ដែលកម្ពុជាសងវិញ។ ជាពិសេសកុំភ្លេចកាត់ចេញ ពីតួលេខបំណុលផង ដោយគិតតាមតម្លៃទីផ្សារបច្ចុប្បន្ន។

ទូតអាមេរិកកំពុង តែកុហកពិភពលោកថា ការទម្លាក់គ្រាប់បែកជិត៣លានតោនកម្ទេចកម្ពុជា គឺជាការត្រឹមត្រូវហើយមែនទេ? នេះគឺគ្រាន់តែជាការគេចវេស របស់អាមេរិកទទួលស្គាល់កំហុសខ្លួន និងព្យាយាមទម្លាក់កំហុស លើប្រទេសផ្សេងរឿងគ្រាប់បែក និងគ្រាប់មីននៅកម្ពុជា! នេះឬរបៀបទទួលខុសត្រូវរបស់ មហាអំណាច?

ពីប្រជាពលរដ្ឋមួយរូប ដែលស្គាល់អាមេរិកាំងជាង៥០ឆ្នាំ