(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋនូវពុំទាន់មានសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណសញ្ជាត្តិខ្មែរ អាចមកទំនាក់ទំនងធ្វើបាន តាមមណ្ឌលរស់នៅរៀងៗខ្លួន ដែលមានមន្ត្រីនគរបាលមូលដ្ឋាន រង់ចាំទទួលស្វាគមន៍បំពេញបែបបទនិតិវិធីធ្វើជូន ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោងធ្វើការ ជាពិសេស ក្រោយពីបំពេញបែបបទនិតិវិធីរួចរាល់ មិនយូរទេប្រាកដជាទទួលបាន សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណ មកប្រើប្រាស់មិនខាន។

លោក ជា ពិសី បានបញ្ជាក់ទៀតថា ចំពោះអាជ្ញាធរសង្កាត់ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធក្នុងខណ្ឌទាំងអស់ ដាច់ខាតត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ ក្នុងការផ្លាស់ប្ដូរ និងផ្ដល់ការចុះបញ្ជីសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ ដល់លំនៅដ្ឋានអចិន្ត្រៃយ៍ឲ្យបានគ្រប់ក្រុមគ្រួសារ ដើម្បីមានភាពងាយស្រួលប្រើប្រាស់ និងគ្រប់គ្រង ហើយអាចឈានទៅចូលរួមបោះឆ្នោតបានគ្រប់ៗគ្នា នៅពេលខាងមុខ ក្នុងឆ្នាំ២០១៨។

លោក ជា ពិសី បានបញ្ជាក់យ៉ាងដូច្នេះ បន្ទាប់ពីបញ្ចប់ភារកិច្ចសួរសុខទុក្ខ សំណេះសំណាល ក្នុងពិធីបើកយុទ្ធនាការចុះបញ្ជីសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ និងឆ្លៀតឱកាសនាំយកសៀវភៅស្នាក់នៅ១១៥សន្លឹក និងអត្តសញ្ញាណប័ណ្ណសញ្ជាត្តិខ្មែរ១៣សន្លឹក ដែលបំពេញបែបបទរួចរាល់ជាស្ថាពរ សរុបប្រមាណជា១២៨ប័ណ្ណ ដើម្បីទៅធ្វើការចែកជូនប្រជាពលរដ្ឋ ដល់លំនៅដ្ឋានអចិន្ត្រៃយ៍ចំនួន១២៨គ្រួសារ ដោយមានការរួមដំណើរពីអធិការ-អធិការរង ចៅសង្កាត់ នាយប៉ុស្តិ៍-នាយផ្នែក មេភូមិ និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួន ផងដែរ។

លោក ជា ពិសី បានថ្លែងថា ជាទិសដៅនៅតែបន្តជំរុញបន្ថែមទៀត ចំពោះអាជ្ញាធរសង្កាត់ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងការបើកយុទ្ធនាការផ្លាស់ប្ដូរ និងផ្ដល់ការចុះបញ្ជីសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណសញ្ជាត្តិខ្មែរ ជូនប្រជាពលរដ្ឋ ដល់លំនៅដ្ឋានឲ្យអស់នូវទូទាំងខណ្ឌឫស្សីកែវ មាន៧សង្កាត់ ដើម្បីមានភាពងាយស្រួលក្នុងការប្រើប្រាស់ និងងាយស្រួលគ្រប់គ្រង ពិសេសអាចឈានទៅចូលរួមបោះឆ្នោតបានគ្រប់ៗគ្នា ក្នុងឆ្នាំ២០១៨ នៅពេលខាងមុខបាន «ពោល គឺធ្វើឲ្យបាន ធ្វើឲ្យលឿន ធ្វើឲ្យមានតម្លាភាព» ដើម្បីឲ្យស្របទៅតាមការដឹកនាំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន «សូមកុំធ្វើជាមន្ត្រីជើង១០»៕