(ភ្នំពេញ)៖ ជោគវាសនាក្រុមខ្លាំងប្រចាំពូល G នៃវគ្គជម្រុះពានរង្វាន់ AFC U19 Championship 2018 លើទឹកដីកម្ពុជានឹងដឹងល្ងាចនេះហើយ ដោយក្រុមទាំង៤ ត្រូវជួបគ្នាបង្ហើយកិច្ច ខណៈក្រុមម្ចាស់ផ្ទះ U19 កម្ពុជា ត្រូវជួបក្រុមជម្រើសជាតិក្រោមអាយុ ១៩ឆ្នាំហ្វីលីពីន ដែលជាការប្រកួតដ៏សំខាន់ ស្របពេលលោក Chit Naing ទើបដឹកនាំក្រុម U19 មីយ៉ាន់ម៉ា យកឈ្នះហ្វីលីពីន ៦-០ កាលពីពេលថ្មីៗរំពឹងថា កម្ពុជានឹងមានសមត្ថភាពយកឈ្នះក្រុមយុវជនក្នុងតំបន់អាស៊ានដូចគ្នានេះ យ៉ាងតិចក៏ ៤គ្រាប់ដែរ។

កម្មវិធីប្រកួតល្ងាចនេះ ក្រុមមីយ៉ាន់ម៉ា ត្រូវជួបក្រុមកំពូលតារាង U19 ចិន វេលាម៉ោង ៣៖៣០នាទីរសៀល បន្ទាប់មកទើបក្រុមគោព្រៃជំទង់កម្ពុជា ប៉ះក្រុមបាតតារាង U19 ហ្វីលីពីន ពោលគឺអាចនិយាយបានថា កម្ពុជាចាំអ៊ុតលទ្ធផលគូទី១ ហើយអ្វីដែលកម្ពុជាចង់បាននោះ គឺចិន យកឈ្នះមីយ៉ាន់ម៉ា ឬក្រុមទាំងពីរស្មើគ្នា ដើម្បីផ្ដល់ឱកាសឲ្យកម្ពុជាក្នុងការស្វែងរកកៅអីក្រុមលេខ២ ល្អជាងគេ ក្នុងចំណោម ១០ពូល ដើម្បីបានឡើងទៅលេងវគ្គ ១៦ក្រុមចុងក្រោយ នាឆ្នាំ២០១៨ ដែលឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះ ករណីកម្ពុជា ឈ្នះក្រុមភ្ញៀវហ្វីលីពីនល្ងាចនេះ ។

សម្រាប់ជំនួបរវាងក្រុមជម្រើសជាតិក្រោមអាយុ ១៩ឆ្នាំកម្ពុជា និងហ្វីលីពីន គឺជាការប្រកួតមួយដ៏សំខាន់ ព្រោះអាចកំណត់ជោគវាសនាក្រុមម្ចាស់ផ្ទះកម្ពុជាបាន ពោលបើកម្ពុជាឈ្នះអាចមានសង្ឃឹមឡើងវគ្គបន្ដ តែបើចាញ់ កម្ពុជាទំនងត្រូវហាលអាវដូច U19 ហ្វីលពីនដែរ ។ តែយ៉ាងណាគ្រូបង្វឹកក្រុម U19 កម្ពុជា លោក Inoue Kazunori ហាក់មិនសូវបារម្ភ ដូចកាលជួបចិន និងមីយ៉ាន់ម៉ាទេ ហើយលោកថែមសន្យា នឹងមិនធ្វេសប្រហែស ព្រោះលោកគិតថា ជ័យជម្នះមិនមែនចេះតែចង់បានៗនោះទេ ស្របពេលខ្សែការពារហ្វីលីពីន ក៏មានគុណភាពមិនធម្មតាដែរ ។

គួរបញ្ជាក់ថា មុនការប្រកួតបង្ហើយកិច្ចពូល G ថ្ងៃនេះ លទ្ធផលបណ្ដោះអាសន្ន ក្រុម U19 ចិន កំពុងឈរកំពូលតារាងមាន ៦ពិន្ទុ ខណៈក្រុមម្ចាស់ផ្ទះកម្ពុជាមាន ៣ពិន្ទុឈរលេខ២ និងមីយ៉ាន់ម៉ាឈរលេខ៣ មាន ៣ពិន្ទុស្មើគ្នា បើគិតតាមរូបមន្ដធ្លាប់ជួបគ្នា(Head To Heat) ។ ប៉ុន្ដែក្រោយចប់ការប្រកួតល្ងាចនេះ លទ្ធផលអាចនឹងមានការប្រែប្រួល ដោយអាស្រ័យលើការកំណត់រូបមន្ដប្រកួតផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី(AFC) តែបើសិនចិន ឈ្នះមីយ៉ាន់ម៉ា ហើយកម្ពុជា ឈ្នះហ្វីលីពីនវិញ រូបមន្ដងាយៗ គឺចិន ឈរកំពូលតារាងមាន ៩ពិន្ទុ ហើយកម្ពុជា បន្ដឈរលេខ២ មាន ៦ពិន្ទុ គ្រាន់តែមិនគិតពិន្ទុ ឬគ្រាប់បាល់ពេលប៉ះក្រុមបាត់តារាងហ្វីលីពីននោះទេ៕